សន្និសីទអន្តរជាតិមួយសម្រាប់ប្រទេសលីបង់ នៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) បានរៃអង្គាសប្រាក់ចំនួន ១ពាន់លានដុល្លារ ក្នុងការសន្យាសម្រាប់ជំនួយមនុស្សធម៌ និងជំនួយយោធាដល់ប្រទេសដែលរងគ្រោះពីសង្រ្គាមរវាងពួកសកម្មប្រយុទ្ធ ហេសបូឡា និងអ៊ីស្រាអែល ខណៈជម្លោះនេះបានធ្វើឱ្យមនុស្សជាង ១លាននាក់ត្រូវភៀសខ្លួន មានអ្នកស្លាប់រាប់ពាន់នាក់ និងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។

នៅក្នុងសុន្ទរកថាបិទរបស់ខ្លួន រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់នូអែល បារ៉ូ (Jean-Noël Barrot) បាននិយាយថា “យើងបានប្រមូលថវិកាចំនួន ៨០០លានដុល្លារជាជំនួយមនុស្សធម៌ និង ២០០លានដុល្លារសម្រាប់កងកម្លាំងសន្តិសុខ នោះគឺប្រហែល ១ពាន់លានដុល្លារ”។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យអ្នកចូលរួមនាំយក “ជំនួយដ៏ច្រើន” ដើម្បីគាំទ្រលីបង់ ដោយទីក្រុងប៉ារីស បានសន្យាផ្ដល់ប្រាក់ចំនួន ១០០លានដុល្លារ។ សហរដ្ឋអាមេរិក បានសន្យាផ្តល់ការគាំទ្រប្រមាណ ៣០០លានដុល្លារ ខណៈប្រទេសជាច្រើនទៀតក៏បានសន្យាផ្តល់ជំនួយផងដែរ។

អង្គការសហប្រជាជាតិធ្លាប់បានប៉ាន់ប្រមាណថា តម្រូវការមនុស្សធម៌ជាបន្ទាន់នៅលីបង់ មានចំនួន ៤២៦លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញព្រមានថា ការផ្តល់ជំនួយអាចជាបញ្ហាប្រឈម ដោយសារកំណើននៃការពឹងផ្អែករបស់លីបង់លើសេដ្ឋកិច្ចក្រៅផ្លូវការ ហើយបញ្ហាសាច់ប្រាក់ បានបង្កើនការខ្វះតម្លាភាព និងហានិភ័យនៃអំពើពុករលួយ៕