មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) នៅថ្ងៃសុក្រ (២៥ តុលា) នេះ បានទៅកាន់ប្រជុំកោះជួរមុខដ៏រសើបក្បែរប្រទេសចិន សម្រាប់ខួបលើកទី៧៥ នៃសង្រ្គាម គូនីងថូវ (Guningtou) ឬហៅថា សង្រ្គាម ឃិនមិន ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិន បានធ្វើសមយុទ្ធយោធានដ៏តានតឹងនៅដែនទឹកដ៏រសើបដែលខណ្ឌចែកភាគីទាំងពីរ។

ក្នុងសុន្ទរកថារបស់ខ្លួន លោក Lai បានសាទរពីសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់កោះ ហើយលើកឡើងថា ពុំមាន "កម្លាំងខាងក្រៅ" ណាមួយអាចផ្លាស់ប្តូរអនាគតរបស់ខ្លួនបានឡើយ។

កោះតៃវ៉ាន់ បានគ្រប់គ្រងកោះ ឃិនមិន (Kinmen) និងប្រជុំកោះ ម៉ាត់ស៊ូ (Matsu) នៅភាគខាងជើង ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិន (កោះតៃវ៉ាន់បច្ចុប្បន្ន) បានភៀសខ្លួនទៅទីក្រុងតៃប៉ិ ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលជាមួយមេដឹកនាំកុម្មុយនិស្ត ម៉ៅ សេទុង។

លោក Lai ដែលឡើងកាន់អំណាចកាលពីខែឧសភា បានបង្កើនរោហាសាស្រ្តរបស់ខ្លួនក្នុងការការពារអធិបតេយ្យភាពរបស់កោះតៃវ៉ាន់។ ទីក្រុងប៉េកាំង ថ្កោលទោសមេដឹកនាំកោះតៃវ៉ាន់រូបនេះថាជា “ជនផ្ដាច់ខ្លួន” ហើយចាត់ទុកកោះថាជាទឹកដីរបស់ខ្លួន ប៉ុន្តែទីក្រុងតៃប៉ិ បដិសេធ ហើយលោក Lai បន្តអះអាងថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចចិត្តលើអនាគតរបស់ពួកគេបាន។
ប្រទេសចិន បានធ្វើហ្គេមសង្គ្រាមមួយថ្ងៃជុំវិញកោះតៃវ៉ាន់នៅដើមខែនេះ ដែលខ្លួននិយាយថាជាការព្រមានចំពោះ "អំពើផ្តាច់ខ្លួន"៕