នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់សម្ភារៈមួយចំនួនចែកជូនដល់ទារក, ទារិកា និងក្មួយៗជាកុមារកំព្រា កំពុងស្នាក់នៅអង្គការ «មេត្តា ករុណា» ដែលស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

កុមារកំព្រាកំពុងស្នាក់នៅអង្គការខាងលើមានចំនួន៣០នាក់ ( ស្រី១២នាក់ ) , មានទារកអាយុ១ឆ្នាំ ៩នាក់ ( ទារិកា០៣នាក់ ) ផងដែរ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុក្ខពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ជូនដល់បុគ្គលិក និងក្មេងកុមារកំព្រាទាំងអស់ ដែលស្នាក់នៅក្នុងអង្គការ « មេត្តា ករុណា » ប្រកបដោយសេចក្តីនឹករលឹក ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ ក៏សូមអំពាវនាវ ដល់អ្នកមើលថែទាំ កុមារកំព្រា ជាពិសេស ទារក ទារិកា នៅក្នុងអង្គការនេះ សូមយកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ដល់ពួកគាត់អោយបានត្រឹមត្រូវ ហើយជាពិសេស ស្នើអោយមានការជួយជំរុញលើវិស័យ អប់រំជូនដល់ក្មេងៗកំព្រា ដើម្បីមានឱកាស សាងអនាគត និងជាសសរទ្រូងសំរាប់ប្រទេសជាតិ និងសំរាប់ គ្រួសារពួកគាត់នាថ្ងៃអនាគតផងដែរ ។

ក្នុងឱកាសចុះសួរសុក្ខទុក្ខនោះ លោក អភិបាលរងខណ្ឌ ក៏បានឧបត្ថម្ភនូវសម្ភារៈ រួមមាន ៖ សម្ភារៈក្មេងលេង១០កេសធំ , ទឹកក្រូច ១០កេស , ទឹកសុទ្ធ២០កេស , ទឹកត្រី ៥យួរ , ទឹកស៊ីអ៊ីវ ៥យួរ , ទឹកដោះគោ ១០កំប៉ុង , និង ត្រីខ៣០កំប៉ុងផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃដល់កុមារកំព្រា៕ លីហេង



