កំពង់ឆ្នាំង៖ លោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានអោយដឹងថា សាឡង់បូមខ្សាច់ខុសច្បាប់២គ្រឿង កាណូតដឹកខ្សាច់៦គ្រឿង និងជនសង្ស័យ ដែលបានធ្វើសកម្មភាពល្មើសច្បាប់នៅតាមស្ទឹងបរិបូណ៌ ក្នុងភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ លោកបានដោះលែងទៅវិញហើយ ។ ការដោះលែងទៅវិញនេះ ដោយសារតែជនសង្ស័យទើបធ្វើសកម្មភាពលើកទី១ និងមិនបានដឹងពីច្បាប់។
លោក ពៅ ស៊ីម បានបញ្ជាក់ទៀតថា៖ លោកបានដោះលែងសាឡង់ដឹកខ្សាច់២គ្រឿង កាណូតដឹកខ្សាច់៦គ្រឿង និងជនសង្ស័យ ដែលបានធ្វើសកម្មភាពបូមខ្សាច់ខុសច្បាប់ នៅស្រុកបរិបូណ៌ទៅវិញហើយ ដោយសារតែកន្លងមកការផ្សព្វផ្សាយរបស់មន្ទីររ៉ែ និងថាមពល ពាក់ព័ន្ធនឹងការបូមខ្សាច់ដោយគ្មានច្បាប់អនុញាត គឺបានធ្វើការផ្សព្វផ្សាយតែតាមមន្ទីរ ឬច្រកចេញចូល និងនៅតាមបណ្ដាស្រុកតែប៉ុណ្ណោះ ដោយពុំបានផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទើបករណីខាងលើនេះ ក្រុមការងាររបស់លោកគ្រាន់តែបានណែនាំដល់ម្ចាស់សាឡង់ទាំង២គ្រឿង ឲ្យបញ្ឈប់សកម្មភាពចាប់ពីពេលនេះតទៅ។ នេះជាការណែនាំលើកទីមួយ ប្រសិនបើនៅតែមានការប្រព្រឹត្តជាបន្តទៀតដោយគ្មានច្បាប់ នោះនឹងត្រូវទទួលរងការផាកពិន័យតាមច្បាប់ដោយមិនមានការលើកលែងនោះឡើយ។
លោកវរៈសេនីយ៍ទោ គុណ សុបញ្ញា នាយការិយាល័យស្តីទីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ការបូមខ្សាច់ក្នុងដីរដ្ឋ ដោយគ្មានការអនុញាតិពីសាមីមន្ទីរ គឺជាបទល្មើស ហើយលោក និងក្រុមការងារលោក ក៏មិនយល់ដែរចំពោះមន្ទីររ៉ែ និងថាមពលដែលគាត់បានដោះលែងសាឡង់២គ្រឿង កាណូត៦គ្រឿង និងជនសង្ស័យទៅវិញ។ លោកថា គួរតែអនុវត្តតាមច្បាប់ទើបត្រឹមត្រូវ ហើយជនសង្ស័យក៏មានការរៀងចាល កុំអោយជាគំរូអាក្រក់ដល់ជនដទៃ ឬជនដដែលនេះសាងអំពើខុសច្បាប់ម្តងទៀត។ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នោះ នគរបាលសេដ្ឋកិច្ចខេត្តបានសហការជាមួយក្រុមការងារមន្ទីររ៉ែ និងថាមពល ចុះទៅបង្ក្រាបបទល្មើសបូមខ្សាច់ខុសច្បាប់នេះ នៅដងស្ទឹងបរិបូណ៌ ហើយខាងសមត្ថកិច្ចលោកបានប្រគល់វត្ថុតាង និងជនសង្ស័យទាំងអស់អោយទៅមន្ទីរជំនាញ ស្រាប់តែខាងមន្ទីរដោះលែងទៅវិញ។
តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែងបានអោយដឹងថា៖ ករណីសាឡង់២គ្រឿងបូម និងដឹកខ្សាច់ខុសច្បាប់នេះ បានកើតឡើងជាយូរឆ្នាំមកហើយ តែមិនឃើញមានការបង្ក្រាបឡើយ ។ ខ្សាច់ដែលបូមបាន គឺពួកគេបានយកមកលក់នៅក្នុងស្រុកកំពង់លែង៕ កាំង ហុងវាស្នា













