កងការពារជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់មនុស្ស ១៥០នាក់ បានស្លាប់ និងរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុង Jabalia ភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កងការពារជនស៊ីវិល បាននិយាយថា កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើ «Block 7» នៅក្នុងតំបន់ Al-Hawaja នៃជំរំជនភៀសខ្លួន Jabalia នៅភាគខាងជើង តំបន់ហ្កាហ្សា ដែលបានបណ្តាលឲ្យមនុស្ស ស្លាប់និងរងរបួស។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា កងការពារជនស៊ីវិល និងសេវាវេជ្ជសាស្រ្ដ កំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង ក្នុងការផ្លាស់ទីអ្នកស្លាប់ និងរបួស ដោយសារកងទ័ពអ៊ីស្រាអែល បានរំខានដល់ប្រតិបត្តិការរបស់ពួកគេ នៅភាគខាងជើងហ្កាហ្សា។
អ្នកស្រុក បានពណ៌នាស្ថានការណ៍នេះថា «គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង» ដោយកត់សម្គាល់ថា សាកសពអ្នកស្លាប់ ស្ថិតនៅតាមដងផ្លូវ ឬនៅក្រោមគំនរបាក់បែក បន្ទាប់ពីការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរភ្លាមៗរបស់អ៊ីស្រាអែល។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលទាក់ទងនឹងការវាយប្រហារនោះទេ។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។