ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសក្រុមប្រឹក្សាសន្តិសុខUN ដែលមានប្រទេសសមាជិកចំនួន ១៥ ដែលបានបរាជ័យក្នុងការដោះស្រាយជម្លោះមជ្ឈិមបូព៌ា។

លោក Pezeshkian បានថ្លែងប្រាប់ក្រុមមេដឹកនាំមកពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅឯកិច្ចប្រជុំកំពូល BRICS ក្នុងប្រទេសរុស្ស៊ីថា៖«ភ្លើងនៃសង្រ្គាម កំពុងឆាបឆេះ នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីបរបស់ប៉ាឡេស្ទីន និងទីក្រុងនានានៃប្រទេសលីបង់»។
«ចំណែកស្ថាប័នអន្តរជាតិមួយចំនួនដែលដឹកនាំដោយក្រុមប្រឹក្សាសន្តិសុខUN ដែលជាអ្នកជំរុញសន្តិភាព និងសន្តិសុខអន្តរជាតិ គឺខ្វះប្រសិទ្ធភាពចាំបាច់ ក្នុងការពន្លត់ភ្លើងនៃវិបត្តិនេះ»។
លោក Pezeshkian បានថ្កោលទោសអ៊ីស្រាអែលចំពោះការរំលោភលើ«បន្ទាត់ក្រហម»នៃរដ្ឋផ្សេងៗ និង «បង្កើតរលកថ្មីនៃអំពើហិង្សានិងភេរវកម្ម»។
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម នៅតំបន់ហ្កាហ្សាមក អ៊ីរ៉ង់បានរិះគន់ស្ថាប័នអង្គការសហប្រជាជាតិថា អសកម្ម និងគ្មានប្រសិទ្ធភាព ក្នុងការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា។
ប្រទេសអ៊ីរ៉ង់ កំពុងចូលរួមក្នុងយុទ្ធនាការការទូតដ៏ខ្លាំងក្លា ដើម្បីបង្កើតបទឈប់បាញ់ទាំងនៅតំបន់ហ្កាហ្សា និងលីបង់។
កិច្ចខិតខំប្រឹងប្រែងនេះ ក៏មានគោលបំណងទប់ស្កាត់ជម្លោះកុំឲ្យរីករាលដាលពាសពេញតំបន់ បន្ទាប់ពីការគំរាមកំហែងរបស់អ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហារដោយអ៊ីរ៉ង់ កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៤នេះ។