សារព័ត៌មានលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃសុក្រនេះ បានសម្លាប់អ្នកសារព័ត៌មានយ៉ាងហោច ៣នាក់ ខណៈពេលដែលពួកគេកំពុងសម្រាកក្នុងផ្ទះសំណាក់ ស្ថិតក្នុងទីក្រុង Hasbaya នៅភាគខាងត្បូងប្រទេសលីបង់ ។
យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើផ្ទះសំណាក់មួយកន្លែងដែលអ្នកសារព័ត៌មានបានស្នាក់នៅ នៅភាគខាងត្បូងប្រទេសលីបង់ ។
យោងតាមទីភ្នាក់ងារការពារជនស៊ីវិលលីបង់ បានឲ្យដឹងថា អ្នកកាសែត ៣នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើផ្ទះសំណាក់មួយកន្លែងក្នុងទីក្រុង Hasbaya ។
ទីភ្នាក់ងារព័ត៌មាន Al-Mayadeen រាយការណ៍ថា អ្នកដែលត្រូវបានសម្លាប់ទាំងនោះ រួមមានកាមេរ៉ាមែនលោក Ghassan Najjar និងវិស្វករលោក Mohamed Reda ដែលបម្រើការឲ្យអង្គភាពសារព័ត៌មាន Al-Mayadeen គាំទ្រដោយអ៊ីរ៉ង់ និងកាមេរ៉ាមែនម្នាក់ទៀត ដែលធ្វើឲ្យអង្គភាពសារព័ត៌មាន Al-Manar របស់ក្រុមហេសបូឡា ។
អ្នកធ្វើសេចក្តីរាយការណ៍នៅកន្លែងកើតហេតុ និយាយថា ផ្ទះសំណាក់ដែលអ្នកសារព័ត៌មានទាំង ៣នាក់ស្នាក់នៅ បានក្លាយជាគោលដៅវាយប្រហារដោយផ្ទាល់តែម្តង ។
លោក Ghassan bin Jiddo គឺជាប្រធានអង្គភាពសារព័ត៌មាន Al-Mayadeen និយាយនៅលើបណ្តញព័ត៌មានសង្គម Xរបស់អង្គភាពលោកថា ការវាយប្រហាររបស់ក្រុមកាន់កាប់លើកន្លែងស្នាក់នៅរបស់អ្នកសារព័ត៌មាន គឺមានចេតនាពិតប្រាកដ ហើយអ្នកសារព័ត៌មានមកពីសារព័ត៌មានអារ៉ាប់ផ្សេងទៀត បានរងរបួសផងដែរ ។
ការសម្លាប់នេះ បានកើតមានឡើង រយៈពេល ២៤ម៉ោង ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំការិយាល័យប្រើប្រាស់ដោយអង្គភាពសារព័ត៌មាន Al-Mayadeen នៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនលីបង់ចំនួន ២.៥៩៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១២.១១៩នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ៕