លោកឧត្តមសេនីយ៍ទោ Hossein Salami អគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានអ៊ីស្រាអែលកុំឲ្យពឹងផ្អែកលើប្រព័ន្ធការពារមីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
ថ្លែងដោយយោងទៅលើការដាក់ពង្រាយប្រព័ន្ធ THAAD របស់អាមេរិក នៅក្នុងប្រទេសអ៊ីស្រាអែល លោក Salami បានព្រមានថា ប្រព័ន្ធទាំងនេះ មានកម្រិតសមត្ថភាព ហើយអ៊ីស្រាអែលមិនគួរទុកចិត្តលើពួក វាទេ។
ថ្លែងនៅក្នុងសមាជជាតិ ដើម្បីគោរពដល់ជនរងគ្រោះចំនួន ៩.៨០០នាក់ មកពីខេត្ត Kermanshah លោក Salami បាននិយាយទៅរបបអ៊ីស្រាអែល ដោយបញ្ជាក់ថា៖«កុំពឹងផ្អែកលើប្រព័ន្ធការពារមីស៊ីល THAAD ។ សមត្ថាពរបស់ពួកវា មានកម្រិត ហើយអ្នកកំពុងពឹងផ្នែកលើប្រភពថាមពលដែលមានកម្រិតនេះ»។
លោកបានព្រមានអ៊ីស្រាអែលបន្ថែមទៀតថា ការប៉ុនប៉ងធ្វើឲ្យស្ថានការណ៍នេះ កាន់តែតានតឹងនោះ នឹងនាំឲ្យមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ។ «សម្រាប់រាល់មីស៊ីលដែលអ្នកបាញ់ សត្រូវរបស់អ្នកនឹងឆ្លើយតបច្រើនជាងទៅទៀត ។ អ្នកមិនអាចឈ្នះលើស្ថានការណ៍នេះ បានទេ ហើយយើងនឹងធ្វើឲ្យអ្នកបរាជ័យ។
មេបញ្ជាការ IRGC ក៏បានចង្អុលបង្ហាញពីភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់អ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើការពឹងផ្អែករបស់ខ្លួនលើពាណិជ្ជកម្មតាមសមុទ្រ។ «ទឹកដីដ៏តូចដែល ៩៨% នៃសេដ្ឋកិច្ចរបស់ខ្លួន ពឹងផ្អែកលើសមុទ្រ ត្រូវតែគិតឲ្យបានហ្មត់ចត់បន្ថែមទៀត។ លោកបន្ថែមថា ការសម្រេចចិត្តដែលមិនសមហេតុផល អាចពន្លឿនការដួលរលំនៃរបបមួយ» ដោយបានបញ្ជាក់ថា ការប៉ាន់ស្មាខុសជាយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល អាចធ្វើឲ្យខ្លួនដួលរលំកាន់តែឆាប់។