អតីតប្រធានាធិបតី លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគឺប្រៀប «ដូចជាធុងសម្រាម» សម្រាប់ពិភពលោកទាំងមូល ដោយសារតែគោលនយោបាយព្រំដែនរបស់ប្រទេស ដោយការលើកឡើងនេះកើតមានឡើងអំឡុងការជួបជុំដែលផ្តោតលើជនអន្តោប្រវេសន៍ នៅទីក្រុង Tempe រដ្ឋ Arizona ខណៈរយៈពេលមានមិនដល់ ២សប្តាហ៍ទៀតទេនឹងដល់ថ្ងៃបោះឆ្នោតហើយ។
លោក Trump ដែលតែងតែប្រើភាសាអមនុស្សធម៌ពេលលោកនិយាយអំពីជនអន្តោប្រវេសន៍ខុសច្បាប់ បានលើកឡើងថា៖ «ពួកគេបានបញ្ចេញកងទ័ពនៃក្រុមជនអន្ធពាលអន្តោប្រវេសន៍ដែលធ្វើយុទ្ធនាការហិង្សា។ យើងជាកន្លែងចាក់សំរាម។ យើងដូចជាធុងសំរាមសម្រាប់ពិភពលោកអ៊ីចឹង»។
អន្តោប្រវេសន៍ គឺជាការផ្តោតសំខាន់មួយ សម្រាប់លោក Trump ពេញមួយយុទ្ធនាការ នៅពេលដែលលោកបានរំលេចរឿងអំពីជនអន្តោប្រវេសន៍ខុសច្បាប់ ប្រព្រឹត្តបទឧក្រិដ្ឋ ហើយបានស្តីបន្ទោសពួកគេថា បានធ្វើឲ្យអំពើហិង្សាកើនឡើង។
គួរបញ្ជាក់ថា ការឆ្លងកាត់ព្រំដែន គឺស្ថិតក្នុងកម្រិតទាបបំផុត ចាប់តាំងពីប្រធានាធិបតី លោក Joe Biden ចូលកាន់តំណែងក្នុងឆ្នាំ២០២១។ ក្នុងខែកញ្ញា ភ្នាក់ងារល្បាតព្រំដែន បានចាប់ខ្លួនជនអន្តប្រវេសន៍តិចជាង ៥៤.០០០នាក់ ដែលព្យាយាមឆ្លងកាត់សហរដ្ឋអាមេរិក ដែលជាចំនួនតិចបំផុត ចាប់តាំងពីខែសីហា ឆ្នាំ២០២០ នៅពេលដែលលោក Trump កាន់តំណែងនៅសេតវិមាន៕