ជ័យជម្នះដែលអាចកើតមានរបស់លោក Donald Trump និងបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេស បានជំរុញឲ្យប្រទេសចិនចាប់ផ្តើមអនុវត្តនូវមាគ៌ាវាយលុកដ៏ទាក់ទាញ ជាពិសេសជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក។
រាប់ចាប់ពីការប្រកាសនូវ «ការចាប់ផ្តើមថ្មី» ប្រកបដោយមហិច្ឆតា ជាមួយប្រទេសជប៉ុន រហូតដល់កចិ្ចសហប្រតិបត្តិការជាមួយឥណ្ឌា មន្ត្រីចិនបានព្យាយាមកាត់បន្ថយនូវការប៉ះទង្គិចការទូត ជាច្រើនថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ហើយជាមួយគ្នានេះ ទីក្រុងប៉េកាំងក៏បានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលហាក់ដូចជាបានចាកចេញពីប្រភេទនៃទំនាក់ទំនងការទូតដែលពោរពេញដោយការខ្វែងគំនិតគ្នា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump។
ការចាប់ផ្ដើមនូវដំណោះស្រាយការទូតនេះ បានគូសបញ្ជាក់ពីការផ្លាស់ប្តូរនៃការគណនានយោបាយដោយទីក្រុងប៉េកាំង និងសមភាគីរបស់ខ្លួន នៅក្នុងការរំពឹងទុកនៃការវិលត្រឡប់ទៅកាន់អំណាចវិញរបស់ប្រធានាធិបតីអាមេរិកដែលមិនអាចទាយទុកជាមុនបាន។ ពួកគេអាចជួយប្រទេសចិនទប់ទល់នឹងភាពចលាចលផ្នែកសេដ្ឋកិច្ចពីបុគ្គលម្នាក់ដែលបានប្តេជ្ញាថា នឹងដំឡើងពន្ធនៅកម្រិតដែលនឹងកាត់បន្ថយពាណិជ្ជកម្ម រវាងមហាអំណាចកំពូលទាំង២ និងការគំរាមកំហែងផ្នែកពាណិជ្ជកម្ម សូម្បីតែជាមួយបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន៕