ក្រុមមន្រ្តីទីក្រុងនិយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ីបានបាញ់បង្ហោះរលកនៃយានដ្រូនចំនួន ២លើក លើគោលដៅក្នុងរដ្ឋធានីរដ្ឋប្រទេសអ៊ុយក្រែនមួយនេះទាំងយប់ ដែលជាការវាយប្រហារតាមច្រកអាកាសលើកទី ១៥របស់ពួកគេលើទីក្រុងគីវ ក្នុងខែតុលានេះ ។
លោក Serhiy Popko គឺជារដ្ឋបាលយោធាទីក្រុងគីវ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា យានដ្រូនរាប់សិបគ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើទីក្រុង អំឡុងការវាយប្រហារ ដែលមានរយៈពេលប្រហែល ៤ម៉ោង ។
លោកបន្តថា ក្រុមអាជ្ញាធរពុំទទួលបានសេចក្តីរាយការណ៍ណាមួយពីអ្នករងរបួសនោះទេ ហើយបំណែករបស់យានដ្រូនបង្កជាអគ្គិភ័យដែលក្រោយមកត្រូវបានពន្លត់វិញ ។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ពីសំឡេងផ្ទុះជាច្រើននៅព្រឹកទាបភ្លឺថ្ងៃសុក្រនេះ ។
កងកម្លាំងទ័ពអាកាសទីក្រុងគីវ និយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបំផ្លាញយានដ្រូន ៣៦គ្រឿងក្នុងចំណោមយានដ្រូន ៦៣គ្រឿងដែលបាញ់បង្ហោះកាលពីយប់ដោយរុស្ស៊ីនៅតាមតំបន់ជាច្រើនរបស់អ៊ុយក្រែន ។
ពួកគេបន្តថា ភាគច្រើននៃយានដ្រូន ត្រូវបានបាញ់ទម្លាក់លើទីក្រុងគីវ និងភាគខាងត្បូងតំបន់ Odesa ខណៈដែលយានដ្រូន ១៦គ្រឿងទៀត វង្វេងទីតាំង ។
រុស្ស៊ី បានច្រានចោលការវាយប្រហារលើគោលដៅស៊ីវិល នៅក្នុងការវាយលុកពេញលេញរបស់ពួកគេលើអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២រហូតមក ប៉ុន្តែជាញឹកញាប់ពួកគេតែងតែបាញ់មីស៊ីល និងយានដ្រូនលើទីក្រុងតូច-ធំនៅពីក្រោយខ្សែត្រៀមមុខ ៕