បេសកជនរបស់ទីក្រុងប៉េកាំង ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែតុលា) បាននិយាយថា ប្រទេសចិននឹងផ្តល់លទ្ធភាពឲ្យក្រុមតាលីបង់ដំណើរការពាណិជ្ជកម្មដោយមិនចាំបាច់បង់ពន្ធ ចំពោះវិស័យសំណង់ ថាមពល និងអ្នកប្រើប្រាស់ទំនិញដ៏ធំរបស់ខ្លួន ខណៈរបបមានសេដ្ឋកិច្ចផុយស្រួយសម្បូរដោយធនធាន តែឯកោខាងការទូតមួយនេះ ប្រឹងប្រែងកសាងទីផ្សាររបស់ខ្លួន។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានព្យាយាមធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមតាលីបង់ ចាប់តាំងពីក្រុមនេះបានគ្រប់គ្រងអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០២១ ប៉ុន្តែមិនខុសពីរដ្ឋាភិបាលទាំងអស់ផ្សេងទៀតដែរ បានបដិសេធមិនទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលរបស់ក្រុមអ៊ិស្លាមនិយមជ្រុលមួយនេះ ចំពេលមានការព្រួយបារម្ភជាអន្តរជាតិ ជុំវិញកំណត់ត្រាសិទ្ធិមនុស្ស ជាពិសេសលើស្ត្រី និងកុមារី។
ប៉ុន្តែប្រទេសក្រីក្រមួយនេះ អាចផ្តល់នូវធនធានរ៉ែដ៏សម្បូរបែប ដើម្បីជួយជំរុញដល់សន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់របស់ទីក្រុងប៉េកាំង។ ហើយការលក់ធនធានលីចូម ទង់ដែង និងដែករបស់អាហ្វហ្គានីស្ថានទៅឲ្យអ្នកទិញទំនិញដ៏ធំបំផុតរបស់ពិភពលោក នឹងជួយឲ្យពួកតាលីបង់លើកកម្ពស់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ពួកគេ ដែលអង្គការសហប្រជាជាតិនិយាយថា «ដួលរលំដោយទូទៅ» និងផ្តល់នូវលំហូរប្រាក់ចំណូលដែលត្រូវការជាចាំបាច់ ខណៈទុនបម្រុងធនាគារកណ្តាលក្រៅប្រទេសរបស់ប្រទេស នៅតែត្រូវបានបង្កកដដែល។
ដោយសរសេរនៅខាងលើរូបថតដែលលោកបានជួបជាមួយឧបនាយករដ្ឋមន្ត្រីស្តីទី លោក Abdul Kabir នៅលើគណនីបណ្ដាញសង្គម X ផ្លូវការរបស់ខ្លួន កាលពីយប់ថ្ងៃទី២៤ ខែតុលា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាហ្វហ្គានីស្ថាន លោក Zhao Xing បានឲ្យដឹងថា៖ «ប្រទេសចិននឹងផ្តល់ជូនអាហ្វហ្គានីស្ថាននូវគោលនយោបាយលើកលែងពន្ធ ១០០ភាគរយ»៕

