បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាលើកដំបូង ដោយតែងតាំងលោក Satoshi Saito ទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងជាអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារក្លិប FC Barcelona គឺជានាយកប្រតិបត្តិ (CEO)។

យោងតាមសេចក្ដីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែតុលានេះ គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចជាឯកច្ឆន្ទក្នុងការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាដើម្បីជម្រុញបន្ថែមនូវវឌ្ឍនភាព និងភាពភាពរីកចម្រើននៃលីគអាជីពកម្ពុជាឈានទៅមុខមួយកំរិតទៀត ពិសេសធានានូវការអភិវឌ្ឍ និងភាពជោគជ័យសម្រាប់បាល់ទាត់កម្ពុជានៅថ្ងៃអនាគត រួមទាំងគោលដៅដែលបានកំណត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថា នេះគឺជាយុគសម័យថ្មីមួយនៃបាល់ទាត់កម្ពុជា។ ឯកឧត្តមថា បើសម្លឹងមើលប្រទេសដែលមានបាល់ទាត់ឈានមុខជុំវិញពិភពលោក ការមានលីគអាជីពប្រកបដោយគុណភាពខ្ពស់ នឹងរួមចំណែកដ៏ភាពជោគជ័យរបស់ក្រុមជម្រើសជាតិ និងពង្រឹងប្រព័ន្ធអេកូបាល់ទាត់ (Football Ecosystem) បានកាន់តែប្រសើរទៀតផង។ ប្រធានសហព័ន្ធដដែលបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះលោក Satoshi ដែលមានបទពិសោធន៍ច្រើនក្នុងការគ្រប់គ្រងកីឡាបាល់ទាត់ ជាបុគ្គលមួយរូបដែលស័ក្ខិសមបំផុតក្នុងការតម្រង់អនាគតរបស់ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាដែលទើបបង្កើតថ្មីនេះ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីភាពជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យបាល់ទាត់កម្ពុជា។
ចំណែកលោក Satoshi បានលើកឡើងថា លោកបានឃើញពីការផ្លាស់ប្ដូររបស់បាល់ទាត់កម្ពុជាក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ ដូច្នេះលោកបានចាត់ទុកនេះគឺជាកិត្តិយសមួយដ៏ធំធេង ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ហើយលោកក៏បានសម្ដែងនូវសេចក្ដីអរគុណចំពោះទំនុកចិត្ត និងភាពជឿជាក់លើរូបលោកពីឯកឧត្តម សៅ សុខា និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធផងដែរ។ ទីប្រឹក្សា FIFA រូបនេះបន្ដថា ដំណើរឆ្ពោះទៅមុខក្នុងស្ថានភាពជំងឺរាតត្បាតនេះ អាទិភាពរបស់លោកគឺការវាយតម្លៃឡើងវិញអំពីការរៀបចំលីគ ក្នុងនោះមានទាំងរចនាសម្ព័ន្ធដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រង និងសហការណ៍ជាមួយក្លិបជាសមាជិក ដើម្បីលើកកម្ពស់ និងពង្រឹងនៃប្រតិបត្តិការទូទៅ និងបង្កើនចំណងមិត្តភាពក្នុងកិច្ចទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាផ្លាស់ប្ដូរ និងអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាប្រកបដោយចីរភាព និងនិរន្ដរភាព។ សូមបញ្ជាក់ថា លោក Satoshi ធ្លាប់ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបយក្សពិភពលោក FC Barcelona ហើយក៏ជាអនុប្រធាននៃការិយាល័យបេសកកម្មពិសេសនៅសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ក៏ដូចជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។ ថ្មីៗនេះ លោកក៏ទើបបានបង្កើតការិល័យតំណាងនៅប្រទេសជប៉ុនសម្រាប់ទីផ្សារ GMR ដែលជាទីភ្នាក់ងារកីឡាដែលមានឯកទេសក្នុងសកម្មភាពឧបត្ថម្ភសម្រាប់កីឡាអូឡាំពិកនៅទីក្រុងតូក្យូផងដែរ៕
អត្ថបទ៖ លី ឈុនឡា