ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបំពេញទស្សនកិច្ចទៅកាន់តំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសបូស្នី ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់តំបន់បាល់កង់ខាងលិចរបស់លោកស្រី ។
លោកស្រី Von der Leyen បានធ្វើដំណើរទៅដល់ភូមិ Jablanica ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសបូស្នី ជាទីដែលទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរចុងក្រោយ ធ្វើឲ្យទឹកទន្លេ Neretva កខ្វក់ ហើយនិងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនឹងជញ្ជូនសំខាន់ៗ ។
លោកស្រី Von der Leyen និយាយថា លោកស្រីនៅទីនេះ រយៈពេល ២០ថ្ងៃក្រោយគ្រោះមហន្តរាយ ហើយវាគឺជារឿងដ៏ក្រៀមក្រំបំផុតពេលមើលឃើញការខូចខាត និងការបំផ្លិចបំផ្លាញនៅទីនេះ ។
លោកស្រីបន្តថា សំខាន់បំផុត គឺចិត្តគំនិតរបស់របស់លោកស្រីនៅជាមួយជនរងគ្រោះ គ្រួសារ និងមិត្តភក្តិដែលពួកគេបាត់បង់ ។ វាគឺជាបទពិសោធន៍ដ៏អាក្រក់មួយ។
លោកស្រី Von der Leyen និយាយទៀតថា លោកស្រីទទួលបានដំណឹងថា គ្រោះមហន្តរាយចាប់ផ្តើមកើតឡើងនៅពាក់កណ្តាលយប់អាធ្រាត្រ ពេលដែលពលរដ្ឋគ្មានឱកាសរត់គេចខ្លួនពីគ្រោះមហន្តរាយមួយនេះ ។ លោកស្រីចង់និយាយថា អឺរ៉ុបឈរខាងអ្នករាល់គ្នា អឺរ៉ុបឈរខាងអ្នក ពួកយើងនៅទីនេះ មិនមែនរយៈខ្លីនោះទេ ប៉ុន្តែរយៈពេលយូរ ។
គួរឲ្យដឹងថា មនុស្សយ៉ាងហោច ២៧នាក់ បានស្លាប់នៅក្នុងទឹកជំនន់ និងបំណាក់ដីដែលបានវាយប្រហារភូមិដ្ឋានជាច្រើនរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបណ្តាលឲ្យខូចខាតទ្រង់ទ្រាយធំដល់ប្រទេសក្រីក្រនៅតំបន់បាល់កង់មួយនេះ ។
ហេដ្ឋារចនាសំខាន់ដែលតភ្ជាប់តំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងប្រទេសបូស្នី រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុន និងផ្ទះសម្បែងប្រជាពលរដ្ឋ រងការជន់លិចដោយសារទឹកជំនន់ដ៏គំហក់ ហើយសត្វគោក្របី ត្រូវបានទឹកជំនន់ហូរនាំយកទៅអស់គ្មានសល់ ៕



