ក្រុមអាវកាសយានិកក្នុងបេសកកម្ម SpaceX Crew-8 របស់អង្គការណាសា បានវិលត្រឡប់មកកាន់ផែនដីវិញដោយសុវត្ថិភាព តាមយានអវកាស Dragon ចេញពីស្ថានីយ៍អវកាសអន្តរជាតិ(ISS)នៅថ្ងៃសុក្រនេះ ។
យានអាវកាសដឹកអវកាសយានិករបស់អង្គការណាសាលោក Matt Dominick, Mike Barratt, Jeanette Epps និងអវកាសយានិកទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Alexander Grebenkin បានចុះចតនៅតំបន់ឆ្នេរសមុទ្ររដ្ឋ Florida សហរដ្ឋអាមេរិក នាវេលាម៉ោងប្រហែល ៣ និង ២៩នាទីព្រឹកទាបភ្លឺ ម៉ោងក្នុងស្រុក(ត្រូវនឹងម៉ោង ៧ និង ២៩នាទីម៉ោងសកល) ។
យោងតាមការអះអាងរបស់អង្គការណាសា បានឲ្យដឹងថា ក្រុមអវកាសយានិកទាំងនេះ បានចុះបេសកកម្មស្រាវជ្រាវវិទ្យាសាស្រ្តថ្មី ដើម្បីជំរុញការរុករករបស់មនុស្សនៅឆ្ងាយពីគន្លងទាបរបស់ផែនដី ហើយនិងអត្ថប្រយោជន៍របស់ជីវិតមនុស្សនៅលើផែនដី ។
អង្គការណាសា និងក្រុមហ៊ុន SpaceX នឹងធ្វើសន្និសីទសារព័ត៌មាននៅវេលាម៉ោង ៥ព្រឹក ម៉ោងក្នុងស្រុក ដើម្បីពិភាក្សាលើបេសកកម្ម Crew-8 និងការវិលត្រឡប់មកកាន់ផែនដីវិញរបស់ក្រុមអវកាសយានិក ៕



