មុននឹងបក់បោកចេញពីភាគពាយ័ព្យនៃប្រទេសហ្វីលីពីន នាថ្ងៃសុក្រ (ទី២៥ ខែតុលា) នេះ ឥទ្ធិពលព្យុះត្រូពិក Trami បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៦៥នាក់បាត់បង់ជីវិត ដោយសារបំណាក់ដី និងទឹកជំនន់គ្រប់ទីកន្លែង ដែលជំរុញឲ្យអាជ្ញាធររួសរាន់បញ្ចេញទូកសង្គ្រោះបន្ថែមទៀត ដើម្បីជួយសង្គ្រោះមនុស្សភិតភ័យរាប់ពាន់នាក់ដែលជាប់ទៅណាមិនរួច ដោយមានខ្លះកំពុងនៅលើដំបូលផ្ទះរបស់ពួកគេ។
ប៉ុន្តែផលប៉ះពាល់ធ្ងន់ធ្ងរពីព្យុះនេះប្រហែលជាមិនទាន់ចប់នៅឡើយទេ ដោយអ្នកព្យាករណ៍របស់រដ្ឋលើកឡើងពីលទ្ធភាពកម្រកើតមាន ដែលថា ព្យុះនេះ ពោលគឺជាព្យុះទី១១ និងជាព្យុះមួយ ក្នុងចំណោមព្យុះបណ្ដាលឲ្យមានស្លាប់ច្រើនបំផុតដែលបានបក់បោកលើហ្វីលីពីន ក្នុងឆ្នាំនេះ អាចនឹងត្រឡប់មកវិញជាថ្មី នៅសប្តាហ៍ក្រោយ ពីព្រោះវាត្រូវបានរុញឲ្យត្រឡប់មកវិញដោយខ្យល់សម្ពាធខ្ពស់ នៅសមុទ្រចិនខាងត្បូង។
ស្នងការនគរបាលខេត្តរបស់ប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃសុក្រថា មនុស្ស ៣៣នាក់ ត្រូវបាត់បង់ជីវិតដោយភាគច្រើននៅក្នុងហេតុការណ៍បំណាក់ដីដែលត្រូវបានបង្កឡើងដោយព្យុះ Trami ក្នុងខេត្ត Batangas ភាគខាងត្បូងនៃទីក្រុងម៉ានីល។ ចំនួននោះបាននាំឲ្យអ្នកស្លាប់សរុបពីព្យុះនេះឡើងដល់យ៉ាងហោចណាស់ ៦៥នាក់ហើយ។
គួរបញ្ជាក់ថា ព្យុះនេះត្រូវបានតាមដានឃើញចុងក្រោយ នាពេលព្រឹកព្រលឹម ចម្ងាយ ១២៥គីឡូម៉ែត្រ នៅភាគខាងលិចទីក្រុងឆ្នេរ Bacnotan ក្នុងខេត្ត La Union ភាគខាងជើង ដោយមានកម្លាំងខ្យល់បក់ជាមធ្យម ៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចខ្លាំងរហូតដល់ ១១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ព្យុះនេះបានបម្លាស់ទីទៅភាគពាយ័ព្យក្នុងល្បឿនខ្យល់ ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ឆ្ពោះទៅវៀតណាម ជាប្រទេសដែលត្រូវបានព្យាករណ៍ថា នឹងត្រូវបានវាយប្រហារដោយព្យុះ Trami នេះ ចាប់ពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ប្រសិនបើវាបន្តដំណើរទៅមុខទៀតឥតថមថយ៕



