បាល់ទាត់៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានធ្វើការក្រើនរំឮកដល់កីឡាករទាំងអស់កុំឲ្យគ្រប់គ្រាន់នឹងលទ្ធផល ព្រោះកម្ពុជាមិនទាន់ប្រកួតឈ្នះក្រុមខ្លាំងៗក្នុងតំបន់នោះទេ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាបានវាយបកឈ្នះក្រុមកោះហ្គាំ ២-១ ក្នុងជំនួបវគ្គ Play-Off នៅទឹកដីកណ្ដាលប្រទេសបារ៉ែនកាលពីរាត្រីថ្ងៃអង្គារកន្លងទៅ ដើម្បីធានាកៅអីវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023។

គេចាំបានថា ក្រោយយកឈ្នះកោះហ្គាំ ១-០ កាលពីជើងទី១ ដោយទម្រង់លេងរបស់កូនក្រុមមិនសូវល្អ លោក Honda បាននិយាយថា បើយើងរីករាយជាមួយលទ្ធផលនេះជាមួយទម្រង់លេងបែបនេះ តើពេលណាទើបយើងអាចលេងឈ្នះក្រុមខ្លាំងៗក្នុងតំបន់ដូចជាវៀតណាម ឬថៃបាន? ដូច្នេះបន្ទាប់ពីកម្ពុជាបន្ដយកឈ្នះក្រុមដែនកោះរបស់សហរដ្ឋអាមេរិក ២-១ នៅជើងទី២ លោកបានប្រាប់កីឡាករថា អាចអបអរជ័យជំនេះបាន ប៉ុន្ដែសូមកុំមានអារម្មណ៍គ្រប់គ្រាន់ ឬពេញចិត្តជាមួយនឹងលទ្ធផលឈ្នះនេះ ព្រោះជម្រើសជាតិកម្ពុជាមិនទាន់ប្រកួតឈ្នះក្រុមខ្លាំងៗក្នុងតំបន់នៅឡើយទេ។ សមាជិកក្លិប FK Suduva នៃលីគកំពូលលីទុយអានីដដែលបានក្រើនរំឮកកូនក្រុមបន្ថែមថា គួរមានអារម្មណ៍ថា មិនគ្រប់គ្រាន់ ត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួនឲ្យប្រសើរជាងនេះ ទើបអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗបាន។ ម្យ៉ាងត្រូវចេះគ្រប់គ្រងខ្លួនឯង ដោយពួកគេអាចអបអរថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគិត និងរៀបចំខ្លួនបន្ដទៀត។
ស្របជាមួយខ្លឹមសារកិច្ចសម្ភាសន៍លោក Keisuke Honda បង្ហោះដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មុនចាកចេញពីប្រទេសបារ៉ែន ដែលបង្កប់នូវអត្ថន័យដាស់ស្មារតីកូនក្រុមនេះ លោកក៏បានថ្លែងកោតសរសើរដល់ការខិតខំរបស់កីឡាករគ្រប់រូប ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់ការប្រកួតជាមួយកោះហ្គាំ ទោះបីមានបញ្ហាប្រឈមជាច្រើនតែពួកគេនៅតែអាចជំនះវាបាន។ គួរដឹងថា កម្ពុជាបានទម្លាក់កោះហ្គាំក្រោយយកឈ្នះទាំង ២ជើងក្នុងវគ្គ Play-Off ដោយលទ្ធផល ៣-១ ដើម្បីឡើងទៅបង្គ្រប់កៅអីវគ្គជម្រុះជុំទី៣ ជាមួយបេក្ខភាព ២៣ក្រុមផ្សេងទៀតនឹងត្រូវចាប់ឆ្នោតជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុមដើម្បីបន្ដការប្រកួតជម្រុះរកក្រុមខ្លាំង ១១ក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិននាឆ្នាំ២០២៣។ ការប្រកួតជម្រុះជុំទី៣ គ្រោងនឹងចាប់ផ្ដើមនាខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា