អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃសុក្រនេះថា ចិននឹងផ្តល់ពាណិជ្ជកម្មលើកលែងពន្ធដល់ក្រុមតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន សម្រាប់វិស័យសំណង់ ថាមពល និងរបស់របរប្រើប្រាស់ ស្របពេលដែលរបបសម្បូរធនធាន ប៉ុន្តែឯកាផ្នែកការទូតមួយនេះ ចង់បង្កើតទីផ្សាររបស់ខ្លួនឡើងវិញ ។
ទីក្រុងប៉េកាំង បានព្យាយាមបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់ ចាប់តាំងពីពួកគេគ្រប់គ្រងប្រទេសអាហ្វហ្គនីស្ថានកាលពីឆ្នាំ ២០២១ ប៉ុន្តែដូចគ្នានឹងរដ្ឋាភិបាលទាំងអស់នៅលើពិភពលោក គេចវេសពីការទទួលស្គាល់ជាផ្លូវការរដ្ឋាភិបាលរបស់ក្រុមអ៊ីស្លាមនិយមមួយនេះ ស្រពពេលដែលក្តីកង្វល់អន្តរជាតិ ជុំវិញប្រវត្តិសិទ្ធិមនុស្សលើស្រ្តី និងក្មេងស្រី ។
កាលពីខែតុលា ឆ្នាំមុន រដ្ឋមន្រ្តីពាណិជ្ជកម្មស្តីទីរបស់អាហ្វហ្គានីស្ថាន និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមតាលីបង់ ចង់ចូលរួមគម្រោងហេដ្ឋារចនាសម្ព័ន្ធ “ផ្លូវមួយ-ខ្សែក្រវាត់មួយ” របស់លោកប្រធានាធិបតី Xi Jinping ។
ទីក្រុងកាប៊ុល បានស្នើសុំចិនផងដែរឲ្យអនុញ្ញាតឲ្យពួកគេមានរួមចំណែកក្នុងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន គឺជាគម្រោងតភ្ជាប់តម្លៃ ៦២ពាន់លានដុល្លារ ដែលតភ្ជាប់តំបន់សម្បូរធនធាន Xinjiang របស់ចិន ទៅកាន់កំពង់ផែសមុទ្រ Gwadar ស្ថិតក្នុងសមុទ្រអារ៉ាប់របស់ប៉ាគីស្ថាន ៕

