នគរបាលអ៊ីតាលី បាននិយាយនៅថ្ងៃសុក្រថា សមាជិកដែលរត់គេចខ្លួនរបស់ក្រុមឧក្រិដ្ឋជន Camorra ដែលគ្រោងនឹងអនុវត្តទោសជាប់ពន្ធនាគារជិត ១៩ឆ្នាំពីបទជួញដូរគ្រឿងញៀន ត្រូវបានចាប់ខ្លួន នៅប្រទេសកូឡុំប៊ី។
សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ជនឈ្មោះ Luigi Belvedere បានរត់គេចខ្លួនតាំងពីខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបានដាក់ក្នុងបញ្ជីអ្នករត់គេចខ្លួនដ៏គ្រោះថ្នាក់របស់ក្រសួងមហាផ្ទៃអ៊ីតាលី ដោយសេចក្ដីថ្លែងការណ៍នោះបន្ថែមថា រូបគេត្រូវបានចាប់ខ្លួននៅទីក្រុង Medellin។
នៅក្នុងការប្រកាសពីការចាប់ខ្លួនជននេះ នគរបាលបានបញ្ចេញរូបភាពរបស់លោក Belvedere ដែលថតឈរក្បែរផ្នូររបស់មេគ្រឿងញៀនដ៏ល្បីឈ្មោះ គឺលោក Pablo Escobar របស់ប្រទេសកូឡុំប៊ី។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ក្រុមអ្នកស៊ើបអង្កេតទទួលបានដំណឹងពីវត្តមានរបស់រូបគេនៅក្នុងប្រទេសកូឡុំប៊ី ដោយសារព័ត៌មាន «ពីសេវាផ្ញើសារដ៏ល្បីមួយ» ដែលត្រូវបានស្ទាក់ចាប់ដោយមានជំនួយពីភ្នាក់ងារនគរបាលអឺរ៉ុប EUROPOL។
នគរបាលបាននិយាយថា ជនអន្ធពាលរូបនេះត្រូវបានកាត់ទោសកំបាំងមុខ ដោយសេចក្តីសម្រេចមានទោសចុងក្រោយ ពាក់ព័ន្ធនឹងបទល្មើសនាំចូលសារធាតុកូកាអ៊ីន និងធ្វើជាឈ្មួញកណ្ដាល រវាងក្រុម Casalesi នៃក្រុម Camorra និងក្រុមជួញដូរគ្រឿងញៀនកូឡុំប៊ី៕

