ប្រណាំងយានយន្ត៖ ព្រឹត្តិការណ៍ប្រណាំងយានយន្ត Rally of Morocco នៅទឹកដីម៉ារ៉ុកបានបិទបញ្ចប់ហើយ ខណៈកីឡាករសញ្ជាតិឈីលី Pablo Quintanilla ឈ្នះផ្នែកម៉ូតូ ហើយកីឡាករកាតា Nasser Al-Attiyah ឈ្នះការប្រកួតផ្នែករថយន្ត។

ដំបូងទស្សនាការប្រកួតផ្នែកម៉ូតូ កីឡាកររបស់ក្រុម Honda, Pablo Quintanilla បានយកឈ្នះការប្រកួតដំណាក់កាលទី៥ ដែលមានចំងាយផ្លូវ ១៦៦គីឡូម៉ែត្រដើម្បីគ្រងជើងឯកការប្រកួតនេះ។ Quintanilla បានយកឈ្នះ Matthias Walkner ជាមួយនឹងគំលាតថេរវេលា ១នាទី ៥៩វិនាទី។ ចំណែកការប្រកួតផ្នែករថយន្ត កីឡាករដែលមានបទពិសោធន៍ជោគជាំលើការប្រកួតប្រណាំងរថយន្តចំងាយឆ្ងាយ ក៏ដូចជា Rally ពិភពលោកសញ្ជាតិកាតា Nasser Al-Attiyah គឺជាអ្នកគ្រងជើងឯក។

បុរសវ័យ ៥០ឆ្នាំរូបនេះគឺជាអ្នកធ្វើបានលឿនជាងគេក្នុងដំណាក់កាលនៃចំងាយផ្លូវ ១៦៦គីឡូម៉ែត្រនេះដែលឆ្លងកាត់ឧបសគ្គជាច្រើនទាំងគ្រួស ថ្ម ខ្សាច់ជាដើម។ នេះជាជ័យជំនះ ៤ ក្នុងចំណោម ៥ដំណាក់កាលនៃព្រឹត្តិការណ៍ Rally of Morocco នេះដោយ Al-Attiyah មានថេរវេលាសរុប ១៥ម៉ោង ៥២នាទី ២០វិនាទី៕
អត្ថបទ៖នាង សុភាវុធ