ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលពេញមួយយប់ នៅច្រកព្រំដែនដ៏សំខាន់ទៅកាន់ប្រទេសស៊ីរី បានធ្វើឲ្យចំណុចឆ្លងកាត់ដ៏សំខាន់របស់ប្រទេសលីបង់ទៅកាន់ប្រទេសជិតខាងរបស់ខ្លួនមិនអាចដំណើរការបាន ដោយរារាំងការប៉ុនប៉ងរបស់អ្នកចង់ភៀសខ្លួនចេញពីប្រទេសដែលប្រជាជន ១ភាគ៥ បានផ្លាស់ចេញពីផ្ទះសម្បែងរបស់ខ្លួនរួចហើយ នៅក្នុងប្រទេស។
អ្នកនាំពាក្យរបស់ UNHCR ដែលមានមូលដ្ឋាននៅទីក្រុង Amman ប្រទេសហ្ស៊កដានី គឺលោកស្រី Rula Amin បាននិយាយថា លោកស្រីមិនបានដឹងពីការព្រមានណាមួយដែលត្រូវបានផ្តល់ឲ្យមុនពេលមានការវាយប្រហារ ដែលបានធ្លាក់នៅចម្ងាយ ៥០០ម៉ែត្រពីច្រកព្រំដែនដ៏សំខាន់នោះឡើយ។
លោកស្រីបានប្រាប់ថា មនុស្សប្រហែល ៤៣០.០០០នាក់ បានឆ្លងពីប្រទេសលីបង់ទៅស៊ីរី ចាប់តាំងពីយុទ្ធនាការរបស់អ៊ីស្រាអែលបានចាប់ផ្តើមឡើង។
លោកស្រី Amin បានបន្ថែមថា៖ «ការវាយប្រហារ នៅច្រកព្រំដែន ជាកង្វល់ដ៏ធំមួយ។ ពួកគេកំពុងបិទផ្លូវធ្វើដំណើរទៅកាន់កន្លែងសុវត្ថិភាព សម្រាប់ប្រជាជនដែលភៀសខ្លួនចេញពីជម្លោះ»៕


