សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចូលរួមទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលនាំឲ្យអស្ថិរភាពសង្គម ខណៈការចូលរួមនេះគឺជាការបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរក៏ដូចជាបងប្អូនប្រជាពលរដ្ឋស្រឡាញ់នូវសុខសន្តិភាព ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជានាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅស្រុកកងមាស ខេត្តកំពង់ចាម សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែរំលឹកនូវគុណបំណាច់យ៉ាងធំធេងនៃសន្តិភាព ខណៈសន្តិភាពនេះហើយបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍលើគ្រប់ វិស័យជាបន្តបន្ទាប់ ហើយប្រសិនបើគ្មាននូវសុខសន្តិភាពនេះទេក៏យើងទាំងអស់គ្នាគ្មានឱកាសបានមកជួបជុំគ្នានាថ្ងៃនេះផងដែរ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបន្តអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែការពារ និងថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបានបន្តទៀត និងត្រូវបន្តទប់ស្កាត់រាល់សកម្មភាពណា ដែលនាំឲ្យប្រទេសជាតិបាត់បង់នូវសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះផងដែរ៕ អត្ថបទ៖ បាន ចក់
