ប្រធានាធិបតី និងអនុប្រធានាធិបតី ទាំងពីរនាក់ត្រូវបានគេរាយការណ៍សង្ខេបអំពីស្ថានភាពដែលសហរដ្ឋអាមេរិកចាត់ទុកថាជាចំណាត់ការការពារខ្លួន។ មន្ត្រីអាមេរិកម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក ត្រូវបានអ៊ីស្រាអែលផ្តល់ព័ត៌មាន មុនពេលការវាយប្រហាររបស់ខ្លួនលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែពុំមានការជាប់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការ នេះទេ។
លោក Sean Savett អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងយល់ថាអ៊ីស្រាអែល កំពុងធ្វើការវាយប្រហារដែលបានកំណត់គោលដៅលើគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ ជាការអនុវត្តន៍ចំណាត់ការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់បាញ់ស្រោចទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។
មន្ត្រីសេតវិមាន បាននិយាយថា ប្រធានាធិបតី លោក Joe Biden ត្រូវបានគេរាយការណ៍សង្ខេបអំពីការវាយប្រហារ ខណៈលោកនៅក្នុងទីក្រុង Delaware ។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍បន្ថែមថា អនុប្រធានាធិបតី លោកស្រី Kamala Harris ក៏ត្រូវបានគេរាយការណ៍សង្ខេបអំពីការវាយប្រហារប្រឆាំងអ៊ីរ៉ង់ផងដែរ ខណៈលោកស្រី កំពុងធ្វើយុទ្ធនាការនៅក្នុងទីក្រុងហ៊ូស្តុន។ សេតវិមាន បាននិយាយថាលោកស្រី កំពុងតាមដានយ៉ាងដិតដល់ចំពោះការវិវឌ្ឍន៍ ហើយនឹងបន្តឲ្យគេធ្វើបច្ចុប្បន្នភាព៕

