ក្រុមមន្ត្រីបាននិយាយថា យានដ្រូនរបស់រុស្ស៊ី បានវាយប្រហារអគារលំនៅឋានច្រើនជាន់មួយកន្លែងក្នុងរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃសុក្រ ទី២៥ ខែតុលា ដោយបានបង្កឱ្យមានអគ្គិភ័យនៅជាន់ខាងលើ សម្លាប់មនុស្សម្នាក់ និងរងរបួសមនុស្ស ៥ នាក់ ។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធានៃរដ្ឋធានី បាននិយាយថា អ្នកស្រុកជាង១០០នាក់ ត្រូវបានជម្លៀសចេញពីអគារខ្ពស់នោះក្នុងសង្កាត់ Solomyanskyi ។
អង្គភាពការពារដែនអាកាស បានធ្វើសកម្មភាពក្នុងអំឡុងពេលការព្រមានអំពីការវាយឆ្មក់តាមអាកាសរយៈពេលមួយម៉ោង ហើយពីរម៉ោងក្រោយមកការព្រមានថ្មីមួយទៀត ត្រូវបានប្រកាសនៅក្នុងទីក្រុងសម្រាប់យានដ្រូនដែលត្រូវបានបង្ហោះចូលមក។
លោក Popko បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា អគារលំនៅឋានចាប់ពីកម្ពស់ជាន់ទី ១៧ ដល់ជាន់ទី២១ បានរងការបំផ្លាញជាអគារលំនៅឋានក្នុងសង្កាត់ Solomyanskyi។
លោក បាននិយាយថា អគារលំនៅឋានត្រូវអគ្គិភ័យឆាបឆេះនៅជាន់ទី២០។
អភិបាលក្រុង លោក Vitali Klitschko បាននិយាយថា ក្មេងស្រីជំទង់ម្នាក់បានស្លាប់ ខណៈអ្នករងរបួសម្នាក់ក្នុងចំណោមអ្នករបួសប្រាំនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយទីតាំងតង់សង្គ្រោះបឋមមួយកន្លែង ត្រូវបានបង្កើតឡើងនៅទីនោះ៕

