កំពង់ឆ្នាំង៖ ទូកងជាច្រើនគ្រឿងក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កំពុងជួសជុល និងកសាងថ្មី ដើម្បីចូលរួមក្នុងពិធីប្រណាំងទូកនៅរាជធានីភ្នំពេញនាពេលខាងមុខ ជាពិសេសគ្រប់កីឡាករកីឡាការនីទាំងអស់ ក៏កំពុងហាត់សមយ៉ាងយកចិត្តទុកដាក់ សាមគ្គីភាពតែមួយ ក្នុងគោលបំណងយកជ័យជម្នះក្នុងការប្រណាំងនេះ។
លោក ប៊ិន សុផាន មេឃុំកោះថ្កូវ បានអោយដឹងថា៖ ទូកប្រណាំងក្នុងឃុំកោះថ្កូវ ស្រុកជលគីរីនេះ មានទាំងអស់ចំនួន៨ទូក ទូកចែវចំនួន៧ និងទូកខ្នាតអន្តរជាតិចំនួន១។ ឃុំកោះថ្កូវ ជាឃុំដែលមានទូកច្រើនជាងគេបង្អស់ក្នុងស្រុកទាំង៨ក្រុងស្រុកនៃខេត្តកំពង់ឆ្នាំង។ ទូកប្រណាំងទាំង៨នោះ សុទ្ធតែមានប្រវត្តិតាំងពីយូរលង់ និងមានអ្នកថែរក្សារៀងៗខ្លួន ។ ទូក៤បានកសាងថ្មី ទូល៤ទៀតជាទូកចាស់ ក្នុងនោះមានទូក១ឈ្មោះ ពេជ្ររស្មីសេរីសោភ័ណ្ឌ ក៏បានកំពុងកសាងថ្មី និងមានគណៈកម្មាការទូក កីឡាករ អាជ្ញាធរឃុំ រួមនិងប្រជាពលរដ្ឋ ចូលរួមលាបពណ៌ រចនាក្បាច់ក្បូយ៉ាងស្រស់ស្អាតសម្រាប់ពិធីប្រណាំងទូកងនៅរាជធានីភ្នំពេញផងដែរ។ ទូកពេជ្ររស្មីសេរីសោភ័ណ្ឌនេះ ធ្លាប់បានទទួលជ័យជម្នះលើគូប្រកួតជាច្រើន និងមានឈ្មោះល្បីក្នុងខេត្ត ក៏ដូចជាក្នុងប្រទេស ហើយទូកនេះបានកើតឡើងក្នុងឆ្នាំ១៩៥៣ ដែលគិតមកដល់ឆ្នាំ២០២៣នេះមានអាយុកាល៧២ឆ្នាំហើយ ដោយឡែកសំបកទូកចាស់ក៏បានផ្លាស់ប្តូរមកជាសំបកទូកថ្មី។
លោក ម៉ៅ តារា នាយករដ្ឋបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា ក្នុងព្រះរាជពិធីបុណ្យ អុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានត្រៀមបញ្ជូនទូក ង ចំនួន២៦គ្រឿងចូលរួមផងដែរ ។ ក្នុងនោះមានទូកអុំ ទូកចែវ ក្នុងនោះទូកចែវបុរសមាន១៥ទូក ទូកចែវនារីមាន១ទូក ទូកអុំបុរសខ្នាតវែងមានចំនួន១ និងទូកអុំបុរសខ្នាតអន្តរជាតិមានចំនួន៨ទូក និងមានកីឡាករ កីឡាការនីសរុបចំនួន១៥១៦នាក់ ក្នុងនោះស្រីចំនួន១១៥នាក់ផងដែរ៕ កាំង ហុងវាស្នា