WHO៖ ប្រមុខអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ១ឆ្នាំកាលពីសប្តាហ៍មុនដែលមានអ្នកស្លាប់ជិត ៥ម៉ឺននាក់។

ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19 កំពុងធ្លាក់ចុះនៅគ្រប់តំបន់លើកលែងតែទ្វីបអឺរ៉ុប ប៉ុន្តែវិសមភាពទទួលបានវ៉ាក់សាំងនៅតែបន្តកើនឡើង ភាគច្រើននៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ លោក Tedros បាននិយាយថា ប្រទេសចំនួន ៥៦ មិនបានឈានដល់គោលដៅរបស់អង្គការសុខភាពពិភពលោកក្នុងការចាក់វ៉ាក់សាំង ១០% នៃចំនួនប្រជាជនរបស់ពួកគេប្រឆាំងនឹងជំងឺនេះនៅចុងខែកញ្ញានោះទេ ដោយបន្ថែមថាចំនួនអ្នកស្លាប់ដែលបានរាយការណ៍គឺខ្ពស់បំផុត នៅក្នុងបណ្ដាប្រទេសដែលបានទទួលវ៉ាក់សាំងតិចបំផុត។ លោក Tedros បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវិបត្តិជំងឺ COVID-19 ថា វានៅតែមានកម្រិតខ្ពស់ដែលមិនអាចទទួលយកបាន ដែលមានមនុស្សស្លាប់ជិត ៥០.០០០នាក់ក្នុងមួយសប្តាហ៍ ហើយចំនួនពិតប្រាកដគឺខ្ពស់ជាងនេះ។

លោក Tedros បាននិយាយថា ប្រទេសចំនួន ៣ គឺប៊ូរុនឌី, អេរីទ្រី និងកូរ៉េខាងជើងមិនទាន់បានចាប់ផ្តើមចែកចាយវ៉ាក់សាំងនៅឡើយទេ ដោយលោកបានកត់សម្គាល់ថា ភាគច្រើននៃប្រទេសទាំង ៥៦ ដែលមានអត្រាចាក់វ៉ាក់សាំងក្រោម ១០% គឺនៅទ្វីបអាហ្វ្រិក។ ពាក់កណ្តាលនៃប្រទេសចំនួន ៥២ នៅទ្វីបអាហ្វ្រិកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញដល់ប្រជាជនរបស់ខ្លួនបានត្រឹម ២% ឬតិចជាងនេះ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី៣០ ខែកញ្ញា៕
អត្ថបទ៖ សុខមាន