អ្នកក្រុងតេអេរ៉ង់ នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) បានសម្ដែងភាពព្រងើយកន្តើយ ខណៈពួកគេបានបន្តសកម្មភាពប្រចាំថ្ងៃជាធម្មតារបស់ខ្លួន បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។
អ្នកនៅទីក្រុងនេះ ឈ្មោះ Hannaneh Abniki បាននិយាយថា រូបនាងមិនមានការភ័យខ្លាចអ្វីឡើយ ហើយជឿថា ការវាយប្រហារដ៏តូចតាចនេះ បង្ហាញពីភាពខ្លាចរអារបស់ភាគីអ៊ីស្រាអែល។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ អ៊ីស្រាអែលបានវាយប្រហារលើទីតាំងយោធាជាច្រើន ប៉ុន្តែការសងសឹករបស់ប្រទេសនេះ ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ក្នុងខែនេះ ហាក់ដូចជាមិនមានបំណងសំដៅទៅលើទីតាំងប្រេង និងនុយក្លេអ៊ែរដ៏រសើបបំផុតរបស់គូអរិនោះទេ។
ខណៈដែលសម្ព័ន្ធមិត្ត និងបណ្ដាប្រទេសអ្នកជិតខាង បានអំពាវនាវភ្លាមៗឲ្យមានការអត់ធ្មត់ គេនៅមិនទាន់ច្បាស់ទេថា តើការវាយប្រហារពេញមួយយប់ នឹងបង្កឲ្យមានការកើនឡើងនូវភាពតានតឹងបន្ថែមទៀត ឬយ៉ាងណា៕



