រត់ចម្ងាយ៖ ម្ចាស់កំណត់ត្រាពិភពលោករត់ចម្ងាយឆ្ងាយ ១០គីឡូម៉ែត្រកីឡាការិនី Agnes Tirop ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះនៅទីក្រុង Iten ប្រទេសកេនយ៉ា។ អតីតម្ចាស់មេដាយសំរឹទ្ធការប្រកួតអត្តពលិកជើងឯកពិភពលោក និងបានលេខ៤ នៅអូឡាំពិកទីក្រុងតូក្យូវិញ្ញាសារត់ ៥០០០ម៉ែត្រកាលពីខែមុននោះទើបមានវ័យត្រឹម ២៥ឆ្នាំប៉ុណ្ណោះ។

នគរបាលកេនយ៉ាបានប្រាប់សារព័ត៌មាន BBC ថា ពួកគេកំពុងធ្វើការស៊ើបអង្កេតពីមូលហេតនៃការស្លាប់នេះ ដែលគេសង្ស័យជារឿងឃាតកម្មនៅក្នុងផ្ទះរបស់នាងកាលពីថ្ងៃពុធ។ កាលពីខែមុន Agnes Tirop ទើបតែបានបំបែកកំណត់ត្រាពិភពលោករត់ចម្ងាយឆ្ងាយ ១០គីឡូម៉ែត្រផ្នែកនារីនៅប្រទេសអាល្លឺម៉ង់។ សហព័ន្ធកីឡាអត្តពលកម្មកេនយ៉ាបានចេញសេចក្តីថ្លែងការរបស់ខ្លួនថា នេះជាការបាត់បង់គ្រាប់ពេជ្រដ៏មានតំលៃមួយរបស់កេនយ៉ា ដែលនាងគឺជាអ្នករត់លឿងជាងគេម្នាក់នៅលើឆាកអន្តរជាតិ។
កាលពីអូឡាំពិក ២០២០ នៅទីក្រុងតូក្យូខែសីហាកន្លងទៅ Agnes Tirop បានបញ្ចប់លេខ៤ ក្នុងវិញ្ញាសាររត់ ២០០០ម៉ែត្រដោយតាមពីក្រោយតំណែងមេដាយសំរឹទ្ធកីឡាការិនីអេចូពី Gudaf Tsegay តែ ០វិនាទី ៧៥ ប៉ុណ្ណោះ។ រំលឹកថា Agnes Tirop បានចាប់ផ្តើមអាជីពរបស់ខ្លួននៅឆ្នាំ២០១១ ចូលរួមការប្រកួតកំរិតយុវជនដោយឈ្នះមេដាយសំរឹទ្ធវិញ្ញាសារ ៥០០០ម៉ែត្រក្នុងឆ្នាំដំបូងរបស់នាងនៅព្រឹត្តិការណ៍កីឡាអត្តពលិកម្មពិភពលោកផ្នែកយុវជន៕
អត្ថបទ៖នាង សុភាវុធ