អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃសៅរ៍ថា ប្រទេសនេះនឹងការពារខ្លួនបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ទាហានយ៉ាងហោចណាស់ពីរនាក់ និងធ្វើឱ្យមានក្ដីបារម្ភខ្លាំងបន្ថែមទៀតចំពោះសង្គ្រាមក្នុងតំបន់ពេញបន្ទុកនៅមជ្ឈិមបូព៌ា។
អ៊ីស្រាអែល បានព្រមានអ៊ីរ៉ង់នឹងសងវិញយ៉ាងស័ក្ដិសម ប្រសិនបើអ៊ីរ៉ង់ឆ្លើយតបនឹងការវាយប្រហារនោះ ហើយសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអង់គ្លេស បានទាមទារក្រុងតេអេរ៉ង់កុំឱ្យជម្លោះរីកកាន់តែធ្ងន់ធ្ងរថែមទៀត។
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា លោកសង្ឃឹមថា នេះគឺជាទីបញ្ចប់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលមុនព្រឹកព្រលឹម ដោយបញ្ជាក់ថា ការវាយប្រហារទាំងនោះទំនងជាមិនបានប៉ះពាល់អ្វីក្រៅពីគោលដៅយោធាទេ។
សហភាពអឺរ៉ុបបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមាដើម្បីជៀសវាង ការកើនឡើងគ្រប់គ្រងលែងបាន។
ប្រទេសផ្សេងទៀត រួមទាំងប្រទេសជិតខាងជាច្រើនរបស់អ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងមួយចំនួនដូចជារុស្ស៊ី បានជំរុញឱ្យភាគីទាំងពីរបង្ហាញការអត់ធ្មត់ និងជៀសវាងនូវអ្វីដែលទីក្រុងមូស្គូហៅថាជាសេណារីយ៉ូមហន្តរាយ ។
អ៊ីរ៉ង់បានទទូចថា ខ្លួនមាន សិទ្ធិ និងកាតព្វកិច្ច ដើម្បីការពារខ្លួន ខណៈសម្ព័ន្ធមិត្តលីបង់របស់ខ្លួន គឺក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ូកែត សំដៅទៅលើតំបន់លំនៅដ្ឋានចំនួន៥នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។កងទ័ពអ៊ីស្រាអែលបាននិយាយថា អាវុធចំនួន៨០គ្រាប់ត្រូវបានបាញ់ឆ្លងព្រំដែនកាលពីថ្ងៃសៅរ៍៕