ចំនួនអ្នកស្លាប់ និងបាត់ខ្លួននៅក្នុងទឹកជំនន់ដ៏ធំ និងបំណាក់ដី បង្កឡើងដោយព្យុះត្រូពិក Trami នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់១១៥ នាក់ ហើយលោកប្រធានាធិបតី បាននិយាយកាលពីថ្ងៃសៅរ៍ថា តំបន់ជាច្រើននៅតែឯកោ ខណៈដែលមនុស្សត្រូវការការសង្គ្រោះ។
ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយថា ព្យុះ Trami បានបោកបក់ចេញពីភាគពាយព្យនៃប្រទេសហ្វីលីពីនកាលពីថ្ងៃសុក្រ ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៩៧នាក់ស្លាប់ និងមួយចំនួនផ្សេងទៀតបាត់ខ្លួននៅក្នុងព្យុះដ៏ធ្ងន់ធ្ងរ និងបំផ្លិចបំផ្លាញបំផុតរបស់ប្រជុំកោះអាស៊ីអាគ្នេយ៍មកទល់ពេលនេះ។
ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ស្របពេលមានរបាយការណ៍មកពីតំបន់ដាច់ស្រយាលនានា។
នគរបាលរាប់សិបនាក់ អ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ផ្សេងទៀត ដោយមានគ្រឿងចក្រ ៣គ្រឿង និងសុនខស្រង់ក្លិនមួយចំនួន បានស្វែងរកអ្នកភូមិម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួនពីរនាក់ចុងក្រោយនៅទីក្រុង តាលីសេ(Talisay) នៃខេត្ត បាតានហ្កាស (Batangas) កាលពីថ្ងៃសៅរ៍។
ទីភ្នាក់ងាររដ្ឋាភិបាលបាននិយាយថា មនុស្សជាង៤,២លាននាក់បានស្ថិតនៅក្នុងផ្លូវនៃព្យុះនេះ រួមទាំងជិតកន្លះលាននាក់ ដែលភាគច្រើនបានភៀសខ្លួនទៅកាន់ជម្រកសង្គ្រោះបន្ទាន់ជាង៦.៤០០កន្លែងនៅក្នុងខេត្តមួយចំនួន៕