មនុស្សរាប់ពាន់នាក់បានចេញតវ៉ាតាមផ្លូវសំខាន់នៃទីក្រុង លីសបោន(Lisbon) កាលពីថ្ងៃសៅរ៍ ទី ២៦តុលា ដើម្បីតវ៉ាប្រឆាំងអំពើហិង្សារបស់នគរបាល បន្ទាប់ពីនគរបាលបានបាញ់សម្លាប់អ្នកស្រុកព័រទុយហ្គាល់ម្នាក់ដែលមានដើមកំណើតពីប្រទេសកាបវែរ (Cape Verde)នៅអាហ្វ្រិកខាងលិច ដែលបង្កឱ្យមានភាពចលាចលខុសពីធម្មតា។
នគរបាលបានបង្កើនកងកម្លាំងនៅជាយក្រុងចាប់តាំងពីភាពចលាចលបានផ្ទុះឡើងជុំវិញការបាញ់ប្រហារកាលពីថ្ងៃចន្ទលើលោក អូឌែ ម៉ូហ្ស៊ីន (Odair Moniz) ដែលជាចុងភៅអាយុ ៤៣ ឆ្នាំនៅជាយក្រុង Amadora ។
ក្រុមបាតុករដែលស្រែកថា យុត្តិធម៌ កាន់ស្លាកប្រកាសរួមនឹងពាក្យស្លោកដូចជា ឈប់សម្លាប់យើង និង យុត្តិធម៌សម្រាប់លោក Odair។
ស្នងការនគរបាលក្រុង លោក ល្វីស អ៊ីលីយ៉ាស់ (Luis Elias) បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមអ្នកបង្កជម្លោះបានដុតរថយន្តចំនួន ១៣ គ្រឿង និងធុងសំរាមកាលពីយប់ថ្ងៃសុក្រ ២៥តុលា ដោយលោកបានបន្ថែមថា អំពើហិង្សាត្រូវបានកាត់បន្ថយបានច្រើន។
កាលពីឆ្នាំមុន គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់ការរើសអើងពូជសាសន៍បាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីព័ត៌មានដែលចង្អុលបង្ហាញពីការប្រើប្រាស់កម្លាំងហួសហេតុពីសំណាក់កងកម្លាំងនគរបាលនៅក្នុងប្រទេសព័រទុយហ្គាល់ ជាពិសេស ប្រឆាំងនឹងប្រជាជនដែលមានដើមកំណើតអាហ្វ្រិក៕