ក្រុមអាជ្ញាធរលីបង់បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលទៅលើក្រុមសកម្មប្រយុទ្ធ ហេសបូឡា មានមូលដ្ឋាននៅលីបង់ បានកើនឡើងដល់២.៦៥៣នាក់ ចាប់តាំងពីថ្ងៃទី ៨ ខែតុលាឆ្នាំមុននិង១២.៣៦០នាក់ផ្សេងទៀតបានរងរបួស។
យោងតាមក្រសួងសុខភាពសាធារណៈអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើមណ្ឌលសុខភាពមួយកាលពីថ្ងៃសុក្រនៅទីក្រុង បាហ្ស៊ូរយ៉េ (Bazouriyeh) ភាគខាងត្បូងប្រទេសលីបង់ ដោយបានបណ្តាលឲ្យគិលានុបដ្ឋាកម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបណ្តាលឱ្យមនុស្សស្លាប់ ១៦៤នាក់ និងរបួសជាង ២៧០នាក់ នៅក្នុងវិស័យសុខាភិបាល និងគ្រាអាសន្នរបស់ប្រទេសលីបង់។
ជាថ្មីម្តងទៀតក្រសួងខាងលើបានថ្កោលទោសការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ប្រទេសលីបង់ និងបុគ្គលិករបស់ពួកគេ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមយុទ្ធជនហេសបូឡា បានបាញ់រូកែតប្រហែល១៩០គ្រាប់ទៅកាន់ភាគខាងជើងប្រទេសអ៊ីស្រាអែល ជាទីដែលសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើង។
ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំនេះ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើប្រទេសលីបង់ ដែលបង្កឲ្យមានការកើនឡើងដ៏គ្រោះថ្នាក់ជាមួយក្រុមហេសបូឡា។ លើសពីនេះ អ៊ីស្រាអែលបានផ្តួចផ្តើមប្រតិបត្តិការថ្មើរជើងឆ្លងព្រំដែនភាគខាងជើងរបស់ខ្លួនចូលទៅក្នុងប្រទេសលីបង់កាលពីដើមខែនេះ៕