
ព្យុះ Trami កំពុងបោកបក់នៅភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃអាទិត្យនេះ ខណៈក្រុមអាជ្ញាធរព្រមានថាភ្លៀងធ្លាក់ខ្លាំង អាចបង្កឱ្យមានទឹកជំនន់ដ៏គ្រោះថ្នាក់។
ប្រទេសអាស៊ីអាគ្នេយ៍ ដែលមានឆ្នេរសមុទ្រដ៏វែង ងាយនឹងរងគ្រោះពីព្យុះ និងទឹកជំនន់ ដែលជារឿយៗបណ្តាលឱ្យមានអ្នកស្លាប់ និងការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។
យោងតាមទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិបានឱ្យដឹងថា ភ្លៀងធ្លាក់នៅតាមផ្នែកជាច្រើននៃខេត្តចាប់ពីខេត្ត Quang Binh ដល់ ខេត្ត Quang Nam ត្រូវបានព្យាករណ៍ថានឹងឡើងដល់ ៦០សង់ទីម៉ែត្រ នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទស្អែកនេះ។

ទីភ្នាក់ងារនេះបាននិយាយថា ហានិភ័យនៃទឹកជំនន់មានកម្រិតខ្ពស់នៅក្នុងតំបន់ទីក្រុងចាប់ពីខេត្ត Ha Tinh ដល់ខេត្ត Binh Dinh។
យោងតាមទីភ្នាក់ងារបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានគេរំពឹងថានឹងវាយប្រហារតំបន់ខ្ពង់រាបកណ្តាល ដែលជាតំបន់ដាំកាហ្វេដ៏សំខាន់របស់ប្រទេសនេះផងដែរ។
ព្យុះTrami ដែលមានល្បឿនខ្យល់រហូតដល់ ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង ស្ថិតនៅចម្ងាយ៦៥គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Danang នៅម៉ោង ៩ ព្រឹកថ្ងៃអាទិត្យនេះ ។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ព្យុះនេះបានបង្ខំឱ្យអាកាសយានដ្ឋានចំនួនបួននៅភាគកណ្តាលប្រទេសវៀតណាមត្រូវបិទជាបណ្តោះអាសន្ន ក្នុងចំណោមនោះ អាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងដាណាងបិទចាប់ពីម៉ោង៦ព្រឹកនៅថ្ងៃអាទិត្យនេះ រហូតដល់ម៉ោង ៤ព្រឹកថ្ងៃចន្ទស្អែកនេះ៕