ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពសូរគង ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹង, នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា នៅមណ្ឌលសុខភាពសូរគងនេះ បុគ្គលិកបម្រើការងារមានការទទួលខុសត្រូវពេលវេលារបស់ខ្លួនបានល្អ និងការបំពេញការងារ ២៤ម៉ោង លើ២៤ម៉ោង មានអនាម័យ សណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាព រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខភាពសូរគងនេះ ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងបន្តការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ រួមទាំងការរក្សាអនាម័យនិងបរិស្ថានជុំវិញមានលក្ខណៈសមរម្យ ការរៀបចំទុកដាក់ឱសថ វ៉ាក់សាំងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្រប់គ្រងឱ្យបានសមស្របតាមនៃការប្រើប្រាស់ ជាពិសេសការបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ក្នុង៧ថ្ងៃ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា និងឈរនៅលើគោលជំហរ ដោយទំនុកចិត្ត សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនបងប្អូនប្រជាពលរដ្ឋ។
បន្ទាប់ពីបានពិនិត្យមណ្ឌលសុខភាពសូរគង នៅរសៀលថ្ងៃដែល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពស្តៅ នៃខេត្តកំពង់ចាម ដោយការនឹករលឹក និងគាំទ្រផ្តល់កម្លាំងចិត្តដល់មន្រ្តីសុខាភិបាលក្នុងមណ្ឌលសុខភាព។
ក្នុងការចុះពិនិត្យនៅមណ្ឌលសុខភាពស្តៅនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា មានចំណុចល្អៗ និងឃើញមានលក្ខណៈពិសេសជាងមណ្ឌលសុខភាពសូរគង ដោយបុគ្គលិកបម្រើការងារមានការទទួលខុសត្រូវបានល្អ អនាម័យសណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាពល្អ រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានល្អ។ ជាចំនុចពិសេសនៅមណ្ឌលសុខភាពនេះ មានបុគ្គលិកសុខាភិបាលម្នាក់ ដែលបានចូលនិវត្តន៍ហើយ ក៏នៅតែមានទឹកចិត្តជាគ្រូពេទ្យ ក្នុងការជួយសង្រ្គោះអាយុជីវិត នៅតែបន្តជួយដល់មណ្ឌលសុខភាព ដោយមិនគិតពីផលប្រយោជន៍ ដែលនេះបង្ហាញទឹកចិត្ត និងភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យក៏បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវពង្រឹងសមត្ថភាព កសាងទំនុកចិត្ត និងភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរនៅលើគោលជំហរ សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕
អត្ថបទ រដ្ឋា








