ការវាយប្រហារតាមអាកាសមុនព្រឹកព្រលឹមរបស់អ៊ីស្រាអែលលើគោលដៅយោធាក្នុងប្រទេសអ៊ីរ៉ង់ សងសឹកចំពោះការបាញ់មីស៊ីលផ្លោងដែលសាធារណរដ្ឋអ៊ីស្លាមបានបាញ់លើអ៊ីស្រាអែលកាលពីដើមខែនេះ ត្រូវបានជួបប្រតិកម្មចម្រុះទាំងក្នុងប្រទេស និងក្រៅប្រទេស។

ការផ្ទុះត្រូវបានលាន់ឮនៅក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ទោះបីជាអ៊ីរ៉ង់បានទទូចថាការវាយប្រហារនេះបណ្តាលឱ្យមានការខូចខាតតិចតួច ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បាននិយាយសម្រាលការវាយប្រហារនេះយ៉ាងណាក្ដី។

ការវាយប្រហារនេះ ប្រឈមការរុញគូសត្រូវដ៏ជូរចត់ទាំង២កាន់តែខិតទៅជិតសង្រ្គាមពេញបន្ទុក នៅពេល មានអំពើហិង្សាកើនឡើងនៅទូទាំងមជ្ឈិមបូព៌ា ជាទីដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ រួមទាំងក្រុមហាម៉ាសនៅហ្កាហ្សា និងហេសបូឡានៅលីបង់ កំពុងមានសង្រ្គាមជាមួយអ៊ីស្រាអែលរួចហើយ។

សហរដ្ឋអាមេរិក បានព្រមានពីការវាយប្រហារនោះ ដោយបានជំរុញកុំឱ្យមានការសងសឹកបន្ថែមទៀតខណៈចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បាននិយាយថា អ៊ីរ៉ង់មិនគួរឆ្លើយតបទៅអ៊ីស្រាអែលទេ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក គៀរ ស្តាមើរ (Keir Starmer) បាននិយាយថា អ៊ីរ៉ង់មិនគួរឆ្លើយតបនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទេ ហើយបានជំរុញឱ្យភាគីទាំងអស់បង្ហាញការអត់ធ្មត់។
ទន្ទឹមនឹងនោះ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថារាល់សកម្មភាពនៃការកើនឡើងទាំងអស់គឺអាចថ្កោលទោសបាន ហើយត្រូវតែបញ្ឈប់។
អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅតំបន់ដែលថ្កោលទោសការវាយប្រហារនោះដោយហៅថាជាការរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ និងបំពានលើច្បាប់ និងបទដ្ឋានអន្តរជាតិ។
ចំណែកទួរគី និងអេហ្ស៊ីវិញ បាននិយាយថាខ្លួនថ្កោលទោសរាល់សកម្មភាពទាំងឡាយដែលគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា៕