ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទ (២៨ តុលា) នេះថា ក្រសួងការពារជាតិកូរ៉េខាងជើង បានស្តីបន្ទោសយោធាកូរ៉េខាងត្បូង ចំពោះការបញ្ជូនយានដ្រូនចូលទៅក្នុងទឹកដីរបស់ខ្លួន សម្រាប់គោលបំណងនយោបាយ ដោយបានហៅសកម្មភាពនោះថាជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេស។

ក្រសួងបានប្រកាសលទ្ធផលចុងក្រោយនៃការស៊ើបអង្កេតរបស់ខ្លួន បន្ទាប់ពីអះអាងថា យានដ្រូនរបស់កូរ៉េខាងត្បូង បានហោះហើរពីលើទីក្រុងព្យុងយ៉ាង យ៉ាងហោចណាស់បីដងក្នុងខែនេះ ដើម្បីចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង។ KCNA ក៏បានចេញផ្សាយរូបថតនៃអ្វីដែលខ្លួនពណ៌នាថាជាយានដ្រូនយោធាកូរ៉េខាងត្បូង ដែលបានធ្លាក់ផងដែរ។

នៅក្នុងការវិភាគលើកម្មវិធីគ្រប់គ្រងការហោះហើររបស់យានដ្រូន អាជ្ញាធរកូរ៉េខាងជើងនិយាយថា ពួកគេបានរកឃើញផែនការហោះហើរ និងកំណត់ហេតុហោះហើរជាង២៣០ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣មក រួមទាំងផែនការដើម្បីទម្លាក់ “សំរាមក្នុងបំណងនយោបាយ”។

កំណត់ត្រាកាលពីថ្ងៃទី០៨ ខែតុលា បានបង្ហាញថា យានដ្រូនទាំងនោះបានចាកចេញពីកោះ បែងន្យ៉ុងដូ (Baengnyeongdo) ព្រំដែនកូរ៉េខាងត្បូង នៅពេលយប់ជ្រៅ ហើយប៉ុន្មានម៉ោងក្រោយមក បានទម្លាក់ខិត្តប័ណ្ណពីលើអគារក្រសួងការពារជាតិ និងក្រសួងការបរទេសក្នុងទីក្រុងព្យុងយ៉ាង។
ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល មិនទាន់បានធ្វើការអត្ថាធិប្បាយភ្លាមៗទេ ប៉ុន្តែធ្លាប់បាននិយាយថា ការអះអាងជាឯកតោភាគីរបស់ទីក្រុងព្យុងយ៉ាង “មិនស័ក្ដិសមនឹងការផ្ទៀងផ្ទាត់ ឬការឆ្លើយតបឡើយ”៕