ប្រជាជនរស់នៅក្នុងទីក្រុង San Sebastian ប្រទេសអេស្ប៉ាញ បានចេញធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ ប្រឆាំងផលប៉ះពាល់នៃភ្ញៀវទេសចរដែលជ្រុលហួស និងបានអំពាវនាវឱ្យលំនៅឋានមានតម្លៃសមរម្យ។ ក្រុមបាតុករ បានស្រែកថា «លំនៅឋាន គឺជាសិទ្ធិ ពុំមែនជាការជួញដូរទេ» ដែលក្រុមបាតុករ បានអំពាវនាវឲ្យមានការផ្លាស់ប្តូរគំរូទេសចរណ៍ ដោយលើកហេតុផលថា លំនៅឋានទេសចរណ៍ ជំរុញឲ្យកើនឡើងតម្លៃក្នុងស្រុក។

ប្រជាជននិយាយថា មានការខ្វះខាតការផ្គត់ផ្គង់រយៈពេលវែង ដែលពួកគេបានដាក់កំហុសលើការកើនឡើងឆាប់រហ័សនៃការជួលផ្ទះរយៈពេលខ្លីនៅលើវេទិកាដូចជា ABNB.O និង booking.com និងលំហូរចូលនៃជនបរទេស។

ប្រទេសអេស្បាញ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ បានមើលឃើញការតវ៉ាជាបន្តបន្ទាប់ប្រឆាំងវិស័យទេសចរណ៍ នៅឆ្នាំនេះ នៅទីក្រុងបាសេឡូណា និងនៅគោលដៅវិស្សមកាលដ៏ពេញនិយមផ្សេងទៀតដូចជាទីក្រុង Mallorca និងទីក្រុងMalaga។
ទីក្រុងមួយចំនួនរបស់អេស្ប៉ាញ បានប្រកាសរួចហើយពីផែនការហាមឃាត់ការជួលផ្ទះរយៈពេលខ្លី រួមទាំងនៅទីក្រុងបាសេឡូណា ដែលគ្រោងនឹងលុបចោលអាជ្ញាប័ណ្ណសម្រាប់ការជួលផ្ទះឲ្យភ្ញៀវទេសចរនៅឆ្នាំ២០២៨។
យោងតាមតួលេខថ្មីៗពីធនាគារប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ប្រទេសអេស្ប៉ាញបានជួបប្រទះការកើនឡើងតម្រូវការផ្ទះជួលពីសំណាក់ជនអន្តោប្រវេសន៍ និងគ្រួសារដែលមានប្រាក់ចំណូលទាប ។ ទោះជាយ៉ាងណា ម្ចាស់ផ្ទះជួលភាគច្រើន ពេញចិត្តជួលឱ្យភ្ញៀវទេសចរ ព្រោះថាទទួលបានប្រាក់ច្រើនជាង។