ប្រធានាធិបតីប្រទេសហ្សកហ្ស៊ី លោកស្រី សាឡូម ហ្ស៊ូរ៉ាប៊ីចវីលី(Salome Zourabichvili) បានអំពាវនាវ ឲ្យប្រជាជនចេញធ្វើបាតុកម្មដើម្បីតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតសភាដ៏ចម្រូងចម្រាស់ កាលពីថ្ងៃសៅរ៍ ដែលគណៈកម្មាធិការបោះឆ្នោត និយាយថា គណបក្សកាន់អំណាចទទួលបានជ័យជម្នះ។

គណៈកម្មការបាននិយាយថា គណបក្សក្តីសុបិន្តហ្សកហ្ស៊ី ទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ៥៤% ខណៈគណបក្សប្រឆាំងបានតវ៉ាចំពោះលទ្ធផលនេះ ហើយអ្នកឃ្លាំមើលការបោះឆ្នោត បានរាយការណ៍អំពីការបំពាន។

លោកស្រី Zourabichvili ដែលជាអតីតសម្ព័ន្ធមិត្តគណបក្សក្តីសុបិន្តហ្សកហ្ស៊ី បានរិះគន់យ៉ាងខ្លាំងទៅលើគណបក្សកាន់អំណាច និងបាននិយាយថា លោកស្រី មិនទទួលស្គាល់លទ្ធផលនេះទេ ហើយបានចាត់ទុកការបោះឆ្នោតនេះថាជា «ប្រតិបត្តិការពិសេសរបស់រុស្ស៊ី»។
លោកស្រី ពុំបានបញ្ជាក់ច្បាស់ ថាតើលោកស្រី ជឿថា រុស្ស៊ីមានតួនាទីដោយផ្ទាល់ក្នុងការបោះឆ្នោតឬអត់យ៉ាងណា។
លោកស្រី Zourabichvili បានប្រាប់អ្នកសារព័ត៌មាន ដែលឈរអមដោយមេដឹកនាំគណបក្សប្រឆាំងហ្សកហ្ស៊ីថា «វាជាការក្លែងបន្លំទាំងស្រុង»។
លោកស្រី Zourabichvili បានអំពាវនាវឱ្យប្រជាជនហ្សកហ្ស៊ី ធ្វើការតវ៉ានៅក្នុងរដ្ឋធានី Tbilisi នៅល្ងាចថ្ងៃច័ន្ទនេះ ដើម្បីប្រកាសប្រាប់ពិភពលោកថា យើងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ។