ការបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសជប៉ុន កំពុងស្ថិតក្នុងភាពច្របូកច្របល់នៅថ្ងៃចន្ទ (២៨ តុលា) នេះបន្ទាប់ពីអ្នកបោះឆ្នោតងាកចេញពីចម្រុះកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ស៊ីហ្កេរុ អ៊ីស៊ីបា (Shigeru Ishiba) ដោយធ្វើឱ្យមិនមានគណបក្សណាមួយមានអាណត្តិច្បាស់លាស់ដើម្បីដឹកនាំប្រទេសសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោកមួយនេះឡើយ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារសេដ្ឋកិច្ច។

ភាពមិនប្រាកដប្រជានេះបានធ្វើឱ្យរូបិយប័ណ្ណយ៉េន ដល់កម្រិតទាបបំផុតក្នុងរយៈពេលបីខែ ខណៈក្រុមអ្នកវិនិយោគ និងអ្នកវិភាគ បានត្រៀមទប់ទល់ឥទ្ធិពលអវិជ្ជមានផ្នែកសេដ្ឋកិច្ចជុំវិញភាពតានតឹងផ្នែកនយោបាយក្នុងការបង្កើតរដ្ឋាភិបាលមួយ និងប្រហែលអាចមានការផ្លាស់ប្តូរមេដឹកនាំ សម្រាប់រយៈពេលជាច្រើនថ្ងៃ ឬអាចជាច្រើនសប្តាហ៍ខាងមុខ។

ភាពរញ៉េរញ៉ៃនេះកើតឡើងនៅពេលដែលជប៉ុនប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ស្ថានភាពសន្តិសុខដ៏តានតឹងក្នុងតំបន់ ហើយតិចជាងមួយសប្តាហ៍មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលមិនអាចទាយទុកជាមុនបាន។

បណ្ដាថ្នាក់ដឹកនាំធុរកិច្ច សម្ដែងក្ដីសង្ឃឹមសម្រាប់ស្ថិរភាពរដ្ឋាភិបាលរបស់ក្រុមចម្រុះ ដើម្បីនាំទៅរកស្ថិរភាពសេដ្ឋកិច្ច ដែលកំពុងប្រឈមកិច្ចការបន្ទាន់ដូចជា ការជំរុញសន្តិសុខថាមពល និងរក្សាសន្ទុះនៃការដំឡើងប្រាក់ឈ្នួល។
ដូចដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ ឥឡូវនេះគណបក្សប្រជាធិបតេយ្យសេរី LDP និងបក្សនានាមានពេល ៣០ថ្ងៃដើម្បីបង្កើតក្រុមចម្រុះដែលអាចគ្រប់គ្រងរដ្ឋាភិបាលបាន ហើយនៅតែមានភាពមិនប្រាកដប្រជាសម្រាប់លោក Ishiba ដែលបានក្លាយជានាយករដ្ឋមន្ត្រីតិចជាងមួយខែមុន ថាតើអាចរស់រានក្នុងនយោបាយបានយូរប៉ុណ្ណា បន្ទាប់ពីការបោះឆ្នោតដ៏រអាក់រអួលមួយនេះ៕