ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ត្រូវបានប្រកាសបិទបញ្ចប់ដោយភាពសប្បាយរីករាយ ដែលទាក់ទាញ់សាធារណជនយ៉ាងច្រើនកុះករមកចូលរួមទស្សនា។ ព្រឹត្តការណ៍នេះ ក៏បានជំរុញឲ្យនិយោជក និងអ្នកស្វែងរកការងារ បានជួបគ្នានៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ និងដាក់ពាក្យសុំការងារដែលខ្លួនពេញចិត្ត។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ជា សំភាស់ អ្នកគ្រប់គ្រងធុរកិច្ចធនធានមនុស្ស នៃធនាគារ កាណាឌីយ៉ា បានរៀបរាប់ឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ នៃកម្មវិធីពិព័រណ៍នេះបានកត់សម្គាល់ឃើញថា មានអ្នកចូលរួមទស្សនាច្រើនជាងឆ្នាំកន្លងទៅ។ ជាក់ស្តែងនៅស្តង់របស់ កាណាឌីយ៉ា ក្រុមការងារទាំងអស់មិនមានពេលសម្រាកនោះទេ ដោយសារមានការសួរនាំព័ត៌មានការងារជាច្រើនពីក្រុមយុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ខណៈក្រុមហ៊ុនបាននាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែងមកបង្ហាញពីតម្រូវការកម្លាំងពលកម្ម។

លោកបានចាត់ទុកព្រឹត្តិការណ៍នេះទៀតថា គឺជាយន្តការដ៏សំខាន់ និងមានសារៈប្រយោជន៍ដល់វិស័យឯកជន ដោយសារ បានជួយដល់ក្រុមហ៊ុនក្នុងការស្វែងរកបុគ្គលិកប្រកបដោយសក្តានុពល និងឆាប់រហ័សផងដែរ។
លោក ជា បូរ៉ា ប្រធានផ្នែកធនធានមនុស្សជាន់ខ្ពស់ នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឲ្យ ប៊ីធីវី ដឹងដែរថា ព្រឹត្តការណ៍នេះ ពិតជាមានសារៈណាស់ ថែមទាំងផ្តល់ឱកាសការងារជាច្រើនកន្លែងដល់មនុស្សគ្រប់គ្នា មិនថាតែសិស្សនិស្សិត ឬអ្នកស្វែងរកការងារធ្វើប៉ុណ្ណោះទេ គឺទទួលបានអត្ថប្រយោជន៍ដូចគ្នា។ លោកបានបន្ថែមថា ជារួមការសហការជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុនជូនដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់លោកផងដែរ។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ នេះឡើង ក្នុងគោលបំណងបង្កើតជាវេទិកាដ៏ធំ រវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបលអាជីព ការងារ និងវិជ្ជាជីវៈ, បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលា ដែលចូលរួមចែករំលែកដោយវាគ្មិនដែលមានបទពិសោធន៍ក្នុងវិស័យការងារ និងដើម្បីបង្កើតជាវេទិកាតភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោមក្រសួង ស្ថាប័ន និងក្រុមហ៊ុនដែលចូលរួមព្រឹត្តិការណ៍នេះជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

















