អ៊ីរ៉ង់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានធ្វើសមយុទ្ធយោធានៅថ្ងៃទី២ នៅកណ្តាលវាលខ្សាច់កាលពីថ្ងៃពុធដោយសាកល្បងប្រព័ន្ធការពារអាកាសរបស់ពួកគេ។ សមយុទ្ធរយៈពេល ២ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ តំណាងឱ្យការបង្ហាញកម្លាំងចុងក្រោយរបស់សាធារណរដ្ឋអ៊ីស្លាម។

ទូរទស្សន៍រដ្ឋបាននិយាយថា ទាំងកងទ័ព និងឆ្មាំបដិវត្តន៍ប៉ារ៉ាកំពុងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា "Velayat"។ ប្រភពខាងលើបាននិយាយថា កងកម្លាំងសម្រាំងអាកាស និងអង្គភាពការពារដែនអាកាស ព្រមទាំងកងពលការពារដែនអាកាសរបស់ឆ្មាំនេះនឹងចូលរួមផងដែរ។ អ៊ីរ៉ង់តែងតែធ្វើសមយុទ្ធបែបនេះហើយនិយាយថា ពួកគេបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធ និងបង្ហាញពីសមត្ថភាពយោធារបស់ប្រទេស។
តំបន់នេះនៅតែមានភាពជាប់គាំងជុំវិញកម្មវិធីនុយក្លេអ៊ែរដែលកំពុងរីកកាន់តែធំឡើងរបស់អ៊ីរ៉ង់។ កិច្ចពិភាក្សានៅទីក្រុងវីយែនដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងឆ្នាំ២០១៥ របស់ក្រុងតេអេរ៉ង់ជាមួយមហាអំណាចពិភពលោកបានជាប់គាំង ចាប់តាំងពីខែមិថុនាដោយគ្មានកាលបរិច្ឆេទកំណត់សម្រាប់ការចាប់ផ្តើមឡើងវិញនោះទេ។ យោធាអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានសាកល្បងដោយជោគជ័យនូវប្រព័ន្ធការពារប្រឆាំងមីស៊ីលសម្រាប់ទីតាំង “រសើប” ក្នុងកំឡុងល្បែងសង្គ្រាមនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការព្រមានរបស់អ៊ីស្រាអែល និងអាមេរិកអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕
អត្ថបទ៖ សុខមាន