អាជ្ញាធរនៅក្នុងរដ្ឋ ស៊ីណាឡូអា (Sinaloa) ដ៏ហិង្សារបស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ តុលា) ថា មនុស្សយ៉ាងហោចណាស់ ១៤នាក់ ត្រូវបានសម្លាប់នៅថ្ងៃសៅរ៍ ស្របពេលរលកនៃអំពើហិង្សាបន្តកើនឡើង បន្ទាប់ពីមេក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលឈ្មោះ អ៊ីស្មែល ហ្សាំបាដា (Ismael Zambada) ឬហៅថា អ៊ែលម៉ាយ៉ូ (El Mayo) ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក។

ការិយាល័យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រចាំរដ្ឋបាននិយាយថា ឃាតកម្មភាគច្រើនកាលពីថ្ងៃសៅរ៍គឺនៅទីក្រុង ឃូលីអាកាន (Culiacan) រដ្ឋធានីនៃរដ្ឋ ស៊ីណាឡូអា ដោយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើកការស៊ើបអង្កេតចំនួន១០ លើករណីឃាតកម្មលើមនុស្ស ១៤នាក់នោះ។

ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ការប៉ះទង្គិចគ្នានៅក្រុង ឃូលីអាកាន រវាងក្រុមឧក្រិដ្ឋជនគូប្រជែងដែលកំពុងប្រយុទ្ធដណ្ដើមគ្រប់គ្រងទឹកដី បានរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក និងបង្ខំឱ្យអាជីវកម្ម និងសាលារៀនត្រូវបិទទ្វារ។ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋឆ្នេរសមុទ្រប៉ាស៊ីហ្វិកមួយនេះ ចាប់តាំងពីចុងខែកក្កដា ក្រោយការចាប់ខ្លួនមេដឹកនាំក្រុមជួញដូរគ្រឿងញៀន ស៊ីណាឡូអា ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។

ប្រធានាធិបតីថ្មីរបស់ម៉ិកស៊ិក លោកស្រី ក្លៅឌា សេនបោម (Claudia Sheinbaum) បានដាក់ពង្រាយបុគ្គលិកយោធារាប់រយនាក់ ជាមួយនឹងរថយន្តពាសដែក និងអាវុធធុនធ្ងន់ទៅកាន់រដ្ឋ ស៊ីណាឡូអា ដើម្បីព្យាយាមទប់ស្កាត់អំពើហិង្សា ប៉ុន្តែការប៉ះទង្គិចនៅតែបន្ត៕