អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្កោលទោសសហរដ្ឋអាមេរិក និងជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវការបំពាក់បំប៉នអាវុធដល់កោះតៃវ៉ាន់ និងបញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់របស់ខ្លួនដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យរូបនេះបានធ្វើសេចក្ដីអត្ថាធិប្បាយបែបនេះឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន ដែលក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសៅរ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានយល់ព្រមលើការលក់សព្វាវុធក្នុងទំហំទឹកប្រាក់១,៩៨៨ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ រួមទាំងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសដ៏ទំនើប និង ប្រព័ន្ធរ៉ាដា។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ទល់ប្រទេសចិន និងជួយជំរុញរបៀបវារៈឯករាជ្យភាពតៃវ៉ាន់ ដោយការបំពាក់អាវុធឲ្យតៃវ៉ាន់ ប្រឆាំងនឹងការប្តេជ្ញាចិត្តរបស់មេដឹកនាំសហរដ្ឋអាមេរិកដែលហាមាត់ថាខ្លួនមិនគាំទ្រឯករាជ្យភាពតៃវ៉ាន់។

ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតំបន់តៃវ៉ាន់របស់ចិនបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួន៣ ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី ១៧ ខែសីហា ឆ្នាំ១៩៨២។
ការលក់នេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយផ្ញើសារខុសយ៉ាងធ្ងន់ធ្ងរទៅកាន់កងកម្លាំងផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់ទៀតផង៕