នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល បានវាយលុកយ៉ាងខ្លាំងលើសមត្ថភាពការពារជាតិនិងសមត្ថភាពផលិតមីស៊ីលរបស់អ៊ីរ៉ង់ នៅពេលដែលកម្លាំងទ័ពអាកាសរបស់ខ្លួន បានវាយប្រហាររយៈពេលពី២យប់កន្លងទៅនេះ។

ដោយថ្លែងសុន្ទរកថា ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធទាហានដែលត្រូវបានសម្លាប់ក្នុងអំឡុងពេល និងក្រោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើសហគមន៍អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លោក Netanyahu និយាយថា អ៊ីស្រាអែល បានបំពេញតាមការសន្យារបស់ខ្លួន ដើម្បីសងសឹកប្រឆាំងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីក្រុងខ្លួន។

លោក Netanyahu និយាយថា កងកម្លាំងទ័ពអាកាស បានវាយលុកនៅទូទាំងប្រទេសអ៊ីរ៉ង់។ យើង បានវាយប្រហារយ៉ាងខ្លាំងទៅលើសមត្ថភាពការពារជាតិរបស់អ៊ីរ៉ង់ និងសមត្ថភាពរបស់ប្រទេសនេះក្នុងការផលិតមីស៊ីល ក្នុងគោលបំណងមកលើយើង។
លោកនិយាយថា «ការវាយប្រហារក្នុងប្រទេសអ៊ីរ៉ង់ គឺជាការវាយលុកស៊ីបគោលដៅនិងមានឥទ្ធិពល ហើយវាបានសម្រេចលើគ្រប់គោលដៅទាំងអស់»។
អ្នកស្រាវជ្រាវជនជាតិអាមេរិកម្នាក់និយាយថា ការវាយលុកតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើអគារមួយកន្លែង ជាផ្នែកនៃកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលលែងដំណើរការ ហើយលោកនិងអ្នកស្រាវជ្រាវម្នាក់ទៀតបាននិយាយថា ទីតាំងនោះប្រើប្រាស់ដើម្បីលាយឥន្ធនៈរឹង សម្រាប់មីស៊ីល ក៏ត្រូវបានវាយប្រហារផងដែរ។