ដោយដើរជាមួយកូនៗ និងមានកាន់អីវ៉ាន់ក្នុងដៃ ជនភៀសខ្លួនជាច្រើនបានសម្រុកឆ្លងកាត់ព្រំដែន Masnaa ពីប្រទេសលីបង់ចូលទៅក្នុងប្រទេសស៊ីរី ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅក្នុងស្រុករបស់ពួកគេ។

មនុស្សជាច្រើន អាចត្រូវបានគេមើលឃើញកំពុងកាន់វ៉ាលី នឹងអីវ៉ាន់របស់ពួកគេនៅតាមដងផ្លូវ ដែលត្រូវបានបំផ្លាញដោយផ្នែក។
រណ្ដៅដ៏ធំមួយ នៅលើផ្លូវធំបានបង្កផលលំបាកដល់ប្រជាជនក្នុងការដើរឆ្លងកាត់។ អង្គការអឌ្ឍចន្ទក្រហមប្រទេសស៊ីរី ត្រូវបានគេឃើញនៅតាមព្រំដែនដោយមានរថយន្តក្រុងជួយដល់អ្នកទាំងឡាយណាដែលកំពុងព្យាយាមរត់គេចពីការប្រយុទ្ធគ្នានៅភាគខាងត្បូងប្រទេសលីបង់។

អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួននៅក្នុងប្រទេសលីបង់ កាលពីមួយខែកន្លងទៅនេះ ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ប្រដាប់ដោយអាវុធធុនធ្ងន់ ដើម្បីទទួលបានការវិលត្រឡប់មកវិញរបស់ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ដែលត្រូវបានជម្លៀសចេញពីភាគខាងជើងដោយសារតែការវាយប្រហារដោយគ្រាប់រ៉ូកែតឆ្លងព្រំដែន។
អាជ្ញាធរទីក្រុងបេរូត និយាយថា ការវាយលុកនៅប្រទេសលីបង់របស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង២.៥០០នាក់ និងបានជម្លៀសប្រជាជនជាង១,២លាននាក់ ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសលីបង់ លោក Ali Hamieh បាននិយាយថា ច្រកឆ្លងកាត់ព្រំដែនភាគខាងកើតចំនួន២កន្លែងរបស់ប្រទេសលីបង់ជាមួយប្រទេសស៊ីរី ត្រូវបានបិទកាលពីថ្ងៃសុក្រ ទី២៥ ខែតុលា បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែល ទៅលើផ្នែកឆ្លងកាត់ព្រំដែន Al-Qaa ប្រទេសស៊ីរី។