មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នាសម្រាប់ពិធីគោរពបូជារបស់អ្នកកាន់គ្រឹស្តសាសនា នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា និងតវ៉ាច្បាប់ប្រឆាំងការរើសអើង នៅក្នុងប្រទេសកូរ៉េខាងត្បូង។

សារព័ត៌មានក្នុងស្រុករាយការណ៍ថា អ្នករៀបចំ បាននិយាយថា មនុស្សជាងមួយលាននាក់នៅទូទាំងប្រទេស បានមកប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល និងនៅជុំវិញសាលាក្រុងសេអ៊ូល ស្ថានីយ៍រថភ្លើងទីក្រុងសេអ៊ូល ព្រមទាំងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយរបស់ប្រទេស ខណៈនគរបាលដាក់តួលេខអ្នកចូលរួមប្រហែល ២៣០.០០០នាក់ ។

ក្នុងពេលយុទ្ធនាការនានាដើម្បីធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ បានទទួលជោគជ័យនៅកោះតៃវ៉ាន់ និងប្រទេសថៃ នោះវាពុំមានការទទួលស្គាល់ស្របច្បាប់អំពីភាពជាដៃគូអ្នកស្រឡាញ់ភេទដូចគ្នានោះទេ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ បាននិយាយនៅក្នុងរបាយការណ៍ឆ្នាំ ២០២០ ថា ការការពារផ្នែកច្បាប់នៃអ្នកស្រលាញ់ភេទដូចគ្នា មានភាពប្រសើរឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ ប៉ុន្តែនៅតែមានកម្រិតទាបជាមធ្យមនៃប្រទេស អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ផ្សេងទៀត។