កំណើនសេដ្ឋកិច្ចទាប បំណុលខ្ពស់ និងសង្រ្គាមដែលកើនឡើង ជាចំណុចសំខាន់ក្នុងរបៀបវារៈផ្លូវការនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ប៉ុន្តែបណ្ដាមេដឹកនាំហិរញ្ញវត្ថុពិភពលោក ហាក់ចំណាយចិត្តគំនិតរបស់ពួកគេភាគច្រើនលើកង្វល់អំពីផលប៉ះពាល់ដែលអាចកើតមាននៃការវិលត្រឡប់ក្នុងកៅអីសេតវិមានរបស់លោក Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា ខាងមុខ។

ការមានប្រៀបរបស់បេក្ខជនបក្សសាធារណរដ្ឋរូបនេះ នៅក្នុងការស្ទង់មតិនាពេលថ្មីៗលើសគូប្រជែងបក្សប្រជាធិបតេយ្យរបស់ខ្លួនគឺអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris គឺជាផ្នែកមួយនៃកិច្ចសន្ទនាស្ទើរតែទាំងអស់ក្នុងចំណោមមន្ត្រីហិរញ្ញវត្ថុ ធនាគារកណ្តាល និងក្រុមសង្គមស៊ីវិលដែលចូលរួមកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។

ក្នុងចំណោមកង្វល់ទាំងនោះ គឺលទ្ធភាពដែលលោក Trump ពង្រឹងប្រព័ន្ធហិរញ្ញវត្ថុសកលជាមួយនឹងការដំឡើងពន្ធដ៏ច្រើនលើសលប់ បំណុលបន្ថែមរាប់សែនកោដិ៍ដុល្លា និងការបញ្ច្រាសកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ដើម្បីងាកទៅគាំទ្រដល់ការផលិតថាមពលឥន្ធនៈហ្វូស៊ីលកាន់តែច្រើន។

លោក កាហ្ស៊ូអូ អ៊ូអេដា (Kazuo Ueda) ទេសាភិបាលធនាគារកណ្តាលជប៉ុនបាននិយាយថា “អ្នកគ្រប់គ្នាហាក់ដូចជាព្រួយបារម្ភអំពីភាពមិនប្រាកដប្រជាដ៏ខ្ពស់ដែលថាតើអ្នកណានឹងក្លាយជាប្រធានាធិបតីបន្ទាប់ ហើយគោលនយោបាយអ្វីនឹងត្រូវធ្វើឡើងក្រោមមេដឹកនាំថ្មី”។
គួររម្លឹកថា លោក Trump បានប្តេជ្ញាថានឹងដាក់ពន្ធ ១០% លើការនាំចូលពីគ្រប់ប្រទេសទាំងអស់ និង ៦០% លើការនាំចូលពីចិន។ ពន្ធទាំងនេះនឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក ដែលទំនងជាបង្កឱ្យមានការសងសឹក និងការបង្កើនថ្លៃដើមទូទាំងពិភពលោក៕