សម្ព័ន្ធកងជីវពលប្រដាប់អាវុធ ៣ក្រុមនៅសហភាពមីយ៉ាន់ ឬហៅថា សម្ព័ន្ធភាតរភាពត្រីភាគី កំពុងបន្តរុញច្រានក្នុងសមរភូមិជាយុទ្ធសាស្ត្រជាមួយយោធារបស់របបសឹកឱ្យស្ថិតនៅមាត់ជ្រោះ ជាមួយនឹងការទទួលបានទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ និងបំផុសគំនិតឱ្យអ្នកដទៃចូលរួមការវាយលុកនៅជុំវិញប្រទេស ដែលបង្កជាឧបសគ្គយ៉ាងធ្ងន់ធ្ងរសម្រាប់របបសឹកក្នុងការវាយដណ្ដើមគ្រប់គ្រងវិញលើទឹកដីដែលបាត់បង់។

ការគ្រប់គ្រងរបស់របបយោធា ធ្លាប់តែមានភាពរឹងមាំទាំងក្នុងជួរទ័ព និងកម្លាំងសព្វាវុធ បូករួមទាំងជំនួយសម្ភារៈពីប្រទេសជាច្រើន ប៉ុន្តែសព្វថ្ងៃនេះ រដ្ឋាភិបាលកំពុងដើរថយក្រោយកាន់តែខ្លាំងឡើង ជាមួយនឹងការបាត់បង់ទីតាំងឈរជើង មូលដ្ឋាន និងទីក្រុងយុទ្ធសាស្ត្រជាច្រើន ដែលសូម្បីតែមេដឹកនាំរបស់ខ្លួនក៏ទទួលស្គាល់ថា នឹងពិបាកក្នុងការដណ្តើមយកមកវិញ។

លោក ខន័រ មែកដូណាល់ (Connor Macdonald) អ្នកជំនាញនៅក្រុមប្រឹក្សាពិគ្រោះពិសេសបាននៃក្រុមតស៊ូមតិមីយ៉ាន់ម៉ានិយាយថា “យោធាកំពុងស្ថិតក្នុងទីតាំងការពារនៅទូទាំងប្រទេស ដោយក្រុមប្រឆាំងហាក់រុញច្រានជិតដល់មាត់ជ្រោះ ហើយភាពងាយរងគ្រោះកំពុងកើតមាននៅជួរមុខមួយចំនួន។ យើងគិតថា របបសឹកហាក់មិនមានផ្លូវក្នុងការវាយដណ្តើមយកទឹកដីណាមួយដែលបានបាត់បង់មកវិញនោះឡើយ”។

គួររម្លឹកថា យោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយបង្កឱ្យមានការប្រយុទ្ធកាន់តែខ្លាំងជាមួយនឹងកងជីវពលប្រដាប់អាវុធដែលបានបង្កើតឡើងជាយូរមកហើយដោយក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ា នៅក្នុងតំបន់ព្រំដែនរបស់ខ្លួន ដែលបានតស៊ូអស់ជាច្រើនទសវត្សរ៍ដើម្បីស្វ័យភាពបន្ថែមទៀត៕