ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់។
បេសកកម្មរបស់អង្គការសហប្រជាជាតិរបស់ប្រទេសស្វីស ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សានៅក្នុងខែនេះ និយាយថា កិច្ចប្រជុំបន្ទាន់ត្រូវបានស្នើឡើងដោយប្រទេសអ៊ីរ៉ង់ និងត្រូវបានគាំទ្រដោយសមាជិកក្រុមប្រឹក្សា រួមមានទាំងប្រទេសរុស្ស៊ី និងចិន ផងដែរ។

នៅក្នុងលិខិតមួយច្បាប់ ដែលស្នើសុំឱ្យមានកិច្ចប្រជុំ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារធ្វើឡើងដោយអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដោយនិយាយថា វាបំពានលើគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក Danny Danon បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយនិយាយថា នេះគឺជាការប៉ុនប៉ងមួយផ្សេងទៀតរបស់អ៊ីរ៉ង់ ដើម្បីធ្វើឲ្យអន្តរាយដល់យើង ដោយលើកនេះនៅក្នុងសៃវៀនផ្នែកការទូត។
លោកបាននិយាយបន្ថែមថា «យើងនឹងក្រោកឈរឡើងដើម្បីសិទ្ធិសេរីភាពរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន»។