សារព័ត៌មាន The Times of Israel បានរាយការណ៍ថា តំណាងជាន់ខ្ពស់ក្រុមហាម៉ាសម្នាក់ បាននិយាយថា ចលនានេះ គឺ «បើកចំហសម្រាប់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល» នៅលើតំបន់ហ្កាហ្សាស្ទ្រីប ចំពេលមានការចរចាឡើងវិញស្តីពីបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស នៅក្នុងប្រទេសកាតា លោក Husam Badran បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Shehabថា កិច្ចព្រមព្រៀងមួយ នឹងអាចធ្វើទៅបាន។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«ការទាមទាររបស់យើង គឺច្បាស់លាស់។ យើងអាចធ្វើកិច្ចព្រមព្រៀងមួយ ប្រសិនបើ [នាយករដ្ឋមន្ត្រីអ៊ីស្រាអែល] លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin] Netanyahu) ប្តេជ្ញាបំពេញនូវអ្វីដែលបានចរចារួចហើយនោះ»។
បច្ចុប្បន្ននេះ វានៅតែមិនទាន់ច្បាស់ថាតើពាក្យសម្ដីរបស់លោក Badran គឺជាប្រតិកម្មចំពោះសំណើរបស់អេហ្ស៊ីបសម្រាប់បទឈប់បាញ់រយៈពេលពីរថ្ងៃ នៅតំបន់ហ្កាហ្សា ដើម្បីដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល ៤ នាក់ ជាមួយនឹងអ្នកទោសប៉ាឡេស្ទីនមួយចំនួន។
នាពេលកន្លងទៅ សារព័ត៌មាន Al Arabiya បានរាយការណ៍ថា ក្រុមហាម៉ាស បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកសំណើរបស់អេហ្ស៊ីប ប្រសិនបើអ៊ីស្រាអែល ប្តេជ្ញាពិចារណាវា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយដ៏មានសក្តានុពលមួយនោះ។